ព្រះវិហារៈ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ និងកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បានចុះជួយស្ទូងស្រូវប្រជាពលរដ្ឋ នៅភូមិសម្បូរ ឃុំសង្កែពីរ ស្រុកឆែប។
លោក អ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះវិហារបានគូសបញ្ជាក់ថា ការចុះស្ទូងពេលនេះមិនមែនជាលើកទី១ទេ ព្រោះជារៀងរាល់ឆ្នាំអាជ្ញាធរខេត្តតែងតែចុះជួយស្ទូងស្រូវ ប្រជាពលរដ្ឋជាប្រចាំព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដូចតទៅ៖
-ថែរក្សាទឹកក្នុងស្រែឲ្យបានល្អ
-ប្រជាពលរដ្ឋឲ្យទៅចូលរួមចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី ដែលចាប់ពីថ្ងៃទី១/០៩ ដល់ថ្ងៃទី២៨/១១/១៦
-អាជ្ញាធរក្រុង ស្រុង សូមបន្តពិនិត្យ និងចុះជួយស្ទូងស្រូវប្រជាពលរដ្ឋដែលខ្វះកម្លាំងស្ទូងក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកបានជួយដល់ប្រជាពលរដ្ឋរួមមាន៖ ជួសជុលផ្លូវ ១ខ្សែប្រវែងប្រមាណ ១គីឡូម៉ែត្រ នៅភូមិសម្បូរ ឃុំសង្កែពីរ សាងសង់ផ្លូវពីភូមិជោគជ័យ ឃុំសង្កែពីរ ភ្ជាប់ទៅកាន់ឃុំសង្កែមួយ ប្រវែងប្រមាណ២គីឡូម៉ែត្រ លើកទំនប់ទប់ទឹកប្រវែងប្រមាណ ២០០ម៉ែត្រ ភូមិក្រឡោត ឃុំសង្កែពីរ ជួយសាងសង់សាលារៀនធ្វើអំពីឈើប្រក់ស័ង្កសី
១ខ្នង ២បន្ទប់នៅភូមិសម្បូរ ឃុំសង្កែពីរ។
ក្នុងឱកាសនេះដែរ លោកក៏បានពាំនាំនូវអំណោយចែកជូនប្រជាកសិករប្រមាណ១៥០នាក់ ក្នុងម្នាក់ៗទទួលបានគ្រាប់ពូជបន្លែគ្រប់មុខ ក្រមា១ និងថវិកា១ម៉ឺនរៀល រួមទាំងកម្លាំងសមត្ថកិច្ច១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល៕
មតិយោបល់