ភ្នំពេញៈ រថយន្តសាំយ៉ុងដឹកផ្លែសាវម៉ាវមួយគ្រឿងបើកលឿនមិនប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែកជាបួនរួចក៏ជ្រុល ទៅបុករថយន្តតាកូម៉ាមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបខាងមុខភីហ្សាខាំភីនី តាមបណ្តោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-7215 បើកបរជាលក្ខណៈគ្រួសារបួនទៅប្រាំនាក់ តាមបណ្ដោយផ្លូវ២៦១ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវកម្ពុជាក្រោមតែខណៈពេលដែលបើកឆ្លងជិតផុតទៅហើយ ក៏ស្រាប់តែមានរថយន្តសាំយ៉ុងដឹកផ្លែសាវម៉ាវមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2X-2742 បើកបរដោយបុរសម្នាក់ក្នុងល្បឿយ៉ាងលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត ហើយដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតាកូម៉ាចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្ដាលឲ្យរថយន្តតាកូម៉ាវិលមួយជុំបែបក្បាលទៅស្របទិសជាមួយ និងរថយន្តសាំយ៉ុងរងការខូចខាតក្រពឹតនិងបែកកង់ផ្នែកខាងក្រោយចំហៀងខាងស្តាំ និងបណ្តាលឲ្យនារីម្នាក់រងរបួសស្រាល។ ចំណែកឯរថយន្តសាំយ៉ុងបានរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំភ្លាមៗនេះ មានសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុភាគីទាំង ២បានធ្វើការចរចាដោះស្រាយគ្នាដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តសាំយ៉ុង ព្រមចេញសំណងជាទឹកប្រាក់ចំនួន ១,២០០ដុល្លារ ឲ្យទៅភាគីខាងរថយន្តតាកូម៉ា ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់