ភ្នំពេញៈ កាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ងត៍ និងម៉ូតូ ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវដួងងៀប កែងនិងផ្លូវប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ អ៊ិន សឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សរៀននៅសាលាអង្ករ ផ្លាស់ប្តូរ ផ្នែកខាងភ្លេង នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះ ២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ។ គ្រាន់តែដឹងថា ជិះម៉ូតូឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HR.8272 ។
រថយន្តក្រឡុកស៊ីម៉ង់ត៏ ពណ៌ក្រហម លាយស ពាក់ផ្លាកលេខ ភ្នំពេញ 5A.1737 របស់ក្រុមហ៊ុនថៃហ្គ័រ ។
តាមសម្ដីសន្តិសុខបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញម៉ូតូឌ្រីមសង់ជិះគ្នា ៣នាក់ តាមបណ្ដោយផ្លូវបេតុងផ្លូវប្រឡាយទឹកស្អុយ ទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ថៃហ្គ័រ បានបើកតាមបណ្ដោយផ្លូវដួងងៀប ទិសដៅពីត្បូងមកជើងយ៉ាងលឿន បានមកបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនិង ២នាក់ទៀតរងរបួសធ្ងន់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបានស្លាប់ម្នាក់ ទៀតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុកហើយរថយន្តបានព្យាយាមបើក រត់អូសម៉ូតូទៅចម្ងាយប្រហែលមួយគីឡូដីទៅឈប់នៅផ្លូវ ២០០៤កែងនិងផ្លូវច្រកចូលវត្តអង្គតាមិញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទុករថយន្តចោល តៃកុងបើកទ្វាររត់បាត់ស្រមោល ម៉ូតូខ្ទេចមើលលែងយល់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចបាន ប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
មតិយោបល់