ព័ត៌មានជាតិ

កម្មកររោងចក្រ ស៊ិន ជី ធាន ផ្ទុះការតវ៉ាដុតកង់ឡាន ក្រោយពីថៅកែបញ្ឈប់តំណាងសហជីព

ភ្នំពេញៈ កម្មកររោងចក្រ ស៊ិន ជី ធាន ជាច្រើននាក់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ បានផ្ទុះការតវ៉ាដោយដុតកង់ឡានអស់៥ទៅ៦សំបកកង់ ក្នុងបំណងទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងសហជីព ដែលថៅកែបានបញ្ឃប់ និងយល់ព្រមលក្ខណការងារមួយចំនួន។

បើតាមកម្មករម្នាក់ដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះបានឲ្យដឹងថា មូលហេតុដែលពួកគេនាំគ្នាតវ៉ា ក៏ព្រោះតែមិនសុខចិត្តទៅនឹងថៅកែដែលបានបញ្ឃប់តំណាងសហជីព៣រូប ទី១.ឈ្មោះ លោក ហ៊ិន វ័យសំបូរ តួនាទីជាប្រធាន ទី២.ឈ្មោះ សំ ចាន់ថា តួនាទីជាអនុប្រធាន និងទី៣.ឈ្មោះ កយ សំអុល តួនាទីជាលេខាធិការ។ ពួកគាត់ទាំង៣នាក់ ត្រូវបានខាងរោងចក្របញ្ឃប់ពីការងារកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦ ហើយរហូតមកទល់នឹងពេលនេះ ខាងរោងចក្រមិនទាន់មានដំណោះស្រាយនៅឡើយ។

កម្មករបានលើកឡើងស្រដៀងៗគ្នាថា សូមឲ្យខាងរោងចក្រទទួល យកតំណាងសហជីពរបស់ខ្លួន ចូលធ្វើការជាធម្មតាវិញ និងស្នើឲ្យយល់ព្រមលក្ខខណ្ឌការងារមួយចំនួនទៀតដូចជា៖ ឲ្យបញ្ឃប់មានការរើសអើងសហជីព ផ្តល់ប្រាក់សម្រាប់អាហារថ្ងៃត្រង់៤០០០រៀល ដោយបើកក្នុង១សប្ដាហ៍ម្ដង មេត្តាកុំកាត់ប្រាក់ខែរាល់ពេលកម្មករសុំឈប់សម្រាកពេលមានធុរៈផ្សេងៗ ស្នើសុំឲ្យជួយតម្លើងប្រាក់សោហ៊ុយ និងថ្លៃស្នាក់នៅ ត្រូវផ្ដល់ប្រាក់ជំនាញការងារសម្រាប់អ្នកចេះដេរម៉ាស៊ីន៣ ចំនួន២០ដុល្លារ និងអ្នកចេះដេរម៉ាស៊ីន១ ចំនួន១៥ ដុល្លារ ឬជួយរៀបចំរោងបាយឲ្យបានធំលាយ ហើយស្រ្ដីមានផ្ទៃពោះត្រូវអនុញ្ញាតឲ្យពិនិត្យផ្ទៃពោះឲ្យបាន១ថ្ងៃ ក្នុង១ខែម្ដង មិនតែប៉ុណ្ណោះរោងចក្រត្រូវតែគិតលុយ១០០ភាគរយជូនកម្មករ ទោះបីមិនមានការងារធ្វើក៏ដោយ។

ទោះជាបែបណា ករណីផ្ទុះការតវ៉ានេះ មិនទាន់មានការឆ្លើយតបពីខាងតំណាងរោងចក្រនៅឡើយទេ ថាតើការបញ្ឈប់តំណាងសហជីព៣រូប ផ្ដើមចេញពីមូលហេតុអ្វី? ៕

https://youtu.be/qpqUBjDZinM

Untitled-1

មតិយោបល់