ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារ ព្រោះករណីលួច ចេញមកនៅប្រព្រឹត្តដដែល ចាប់ដាក់បញ្ចូលវិញ

កណ្តល: នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី មានករណីជនសង្ស័យ៤នាក់ ធ្វើសកម្មភាពប្រព្រឹត្តនូវអំពើលួច (ធុងបាស់) នៅត្រង់ចំណុចភូមិត្បូង ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះម្នាក់ ឈ្មោះ មាស សុវត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ។ ចំណែកជនសង្ស័យ០៤នាក់៖ ១.ឈ្មោះ វឿន ឌីណេត ហៅ ចយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។ ២.ឈ្មោះ សុង សៀកហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ៣.ឈ្មោះ យឿន សារ៉ាត់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ៤.ឈ្មោះ អឿន ឡេងអៀង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល ឃុំ កោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ធុងបាស់ស្ពីកឃ័រចំនួន០១ ។

សភាពរឿងហេតុ៖ កន្លងមកក្រុមជនសង្ស័យទាំង៤នាក់ បានប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ហើយកន្លងមកឈ្មោះ វឿន ឌីណេត ហៅ ចយ ធ្លាប់លួចទូរស័ព្ទ និងធុងបាស់គេ ត្រូវសមត្ថកិច្ច ចាប់ខ្លួនយកទៅតុលាការ ជាប់ពន្ធនាគារ ហើយទើបតែចេញពីពន្ធនាគារ ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី ជនសង្ស័យទាំង៤នាក់ បាននាំគ្នាចូលលួចធុងបាស់ ដែលជនរងគ្រោះទុកក្នុងផ្ទះដោយចាក់សោផ្ទះ រួចទៅធ្វើការសំណង់ទាំងពីរនាក់ប្តីប្រពន្ធ ។ ជនសង្ស័យបានហែកជញ្ជាំងផ្ទះដែលធ្វើពីស័ង្កសី ចូលលួចធុងបាស់ ពេលលួចបានជនសង្ស័យឈ្មោះ វឿន ឌីណេត យកទៅលក់ បានប្រាក់១០$ មកទិញថ្នាំញៀនចែកគ្នាជក់ ។ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម កម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់