ព័ត៌មានជាតិ

ស្រី្តម្នាក់ ដេកស្លាប់ក្នុងបន្ទប់

ភ្នំពេញៈ ស្ត្រីម៉េម៉ាយ គ្មានកូន គ្មានសាច់ញាតិ រស់នៅយ៉ាងកណ្តោចកណ្តែងម្នាក់ឯងទាំងខ្លួន មានជំងឺប្រចាំកាយ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរខាងប្រទះឃើញដេកស្លាប់ នៅក្នុងផ្ទះជាន់ទី២ ផ្លូវបេតុង ក្រុម១៤ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ នូ ផល្លី អាយុ៦៥ឆ្នាំ មន្ត្រីចូលនិវត្តន៍ ជាស្ត្រីមេម៉ាយ គ្មានកូន ចៅ គ្មានទាំងសាច់ញាតិ រស់នៅផ្ទះកើតហេតុខាងលើ។

តាមស្ត្រីឈ្មោះ ផើង សុភាព អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានប្តីឈ្មោះ តាំង ឃាង អាយុ៥០ឆ្នាំ រស់នៅផ្ទះជាប់គ្នា ជាមួយជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីខាងលើ មានជំងឺប្រចាំកាយច្រើនខែឆ្នាំមកហើយ (ជំងឺថ្លើម) រស់នៅផ្ទះតែម្នាក់ឯង គ្មានសាច់ញាតិ កូនចៅ ត្រូវបានអ្នកជិតខាង ធ្វើបាយ ទឹក ជូនគាត់ រាល់ថ្ងៃ ។

ប្រភពដដែលបន្តទៀតថា មុនភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ គាត់បានឡើងទៅ មើលស្ត្រីខាងលើ ក្នុងបំណងសាកសួរ ចង់ហូបអ្វី អាលនឹងរកទិញជូន ក៏ប៉ុន្តែ ដល់ពេលហៅមិនឆ្លើយ ចូលទៅដាស់ ទើបដឹងថា ដេកស្លាប់ ទើបឆោឡោស្រែកប្រាប់អ្នកជិតខាងឲ្យជួយមើល និងរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ ទៅពិនិត្យជាក់ស្តែង សន្និដ្ឋានថា សពពិតជាស្លាប់ដោយសារមានជំងឺប្រចាំកាយមែន រួចប្រគល់សពឲ្យអាជ្ញាធរមូលដ្ឋាន រួមជាមួយបងប្អូនប្រជាពលរដ្ឋក្បែរខាង ក្នុងភូមិ ជួយគ្នាចាត់ចែង យកទៅធ្វើបុណ្យនៅវត្តពោធិចិនតុង ៕

មតិយោបល់