បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋប្រទះឃើញសពអណ្តែកទឹកស្រះ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្រះទួលខ្សាច់ ចម្ងាយប្រហែល២៥០ម៉ែត្រ ខាងកើតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលរដ្ឋបាលឃុំអូរបីជាន់ បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលឃុំអូរបីជាន់ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែនឈរជើងនៅអូរបីជាន់ នៃវរសេនាតូចការពារព្រំដែនលេខ៩១១ បានទៅដល់កន្លែងកើតហេតុ ទើបដឹងថា សពជនរងគ្រោះមានឈ្មោះ សំ ចន្ថា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័។
នគរបាលប៉ុស្តិ៍អូរបីជាន់ បានឲ្យដឹងទៀតថា៖ តាមការបំភ្លឺរបស់ឪពុកស្តីរងគ្រោះ កូនស្រីគាត់ឈ្មោះសំ ចន្ថា មានជំងឺប្រចាំកាយ គឺស្កន់ជាន់។ នៅមុនពេលកើតហេតុ នាងបានទៅលាងចាន នៅក្នុងកម្មវិធីបុណ្យមួយ ក្នុងភូមិ ក្រោយមកក៏បាត់កូនស្រីរបស់គាត់មិនដឹងថាទៅណា លុះដល់ម៉ោង៥ល្ងាច ត្រូវបានគេប្រទះឃើញ សពកូនស្រីគាត់ ហើយគាត់ក៏សង្ស័យថា ក្រោយពេលដែលកូនស្រីលាងចាន រួចមានអាការៈក្តៅក៏ដើរ ទៅទឹកស្រះ ដើម្បីងូតទឹក ពេលកំពុងងូតទឹក អាចថាជំងឺស្កន់នោះរើឡើង បណ្តាលឲ្យប្រកាច់ឈ្លក់ទឹកស្លាប់ ។
នគរបាលរូបនោះ បានបញ្ជាក់ថា៖ តាមការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើខ្លួនសព ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងឃាតកម្មនោះទេ សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់