ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួន ចោរកាន់ពូថៅគំរាមឆក់ខ្សែកម្នាក់ នៅក្រុងសៀមរាប

សៀមរាប: នគរបាលក្រុងសៀមរាប មានការឯកភាពពីលោក ភឹង ចិន្ដារ៉េត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បញ្ជាឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ រ៉េត សារួម ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់/ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកពូថៅគំរាមយកខ្សែក)។

ដំណើររឿង៖ ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ម៉ោង ២និង៣០នាទី ស្ថិតនៅរោងចាំចម្ការដាំឈូកក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពេលជនរងគ្រោះឈ្មោះ ស៊ឹង ឡាំងគឿ ភេទស្រី អាយុ ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាក អាសង់ ស៊េរីចាស់ មកឈប់ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរ ស្រាប់តែជនសង្ស័យយកមកកាន់នឹងដៃរួចគំរាមជនរងគ្រោះឲ្យដោះខ្សែកផ្លាទីនតំលៃ១៥០ ដុល្លារពីកតែដោយជនរងគ្រោះដោះយឺតជនសង្ស័យ ក៏កន្ត្រាក់ដាច់រួច ត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ជនសង្ស័យរត់ឡើងជិះម៉ូតូត្រូវអ្នកជិតខាងឮ ជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល ៣គីឡូម៉ែត្រ ជនសង្ស័យភ័យ ក៏គប់ខ្សែកលួចបាននោះចោលតាមផ្លូវ បណ្ដាលឲ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឲ្យសមត្ថកិច្ចសួរនាំ ជនសង្ស័យក៏ឆ្លើយសារភាពដូចបានរៀបរាប់ខាងលើ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ បទបញ្ជាលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ឲ្យមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿង ឲ្យបានរឹងមាំបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកភាពយុត្តិធម៌ជូនជនរងគ្រោះ៕

មតិយោបល់