ព័ត៌មានជាតិ

មានចឹងដែរ! ដួលម៉ូតូពីយប់រងរបួស ត្រូវរថយន្តសង្រ្គោះដឹកទៅទេព្យ ស្អែកឡើងទៅសុំម៉ូតូពីប៉ូលិស ដកកាបូបលុយជ្រុះថ្នាំញៀន

ភ្នំពេញ: បុរសម្នាក់ចេញពីផឹកស៊ីជាមួយមិត្តភក្តិ ជិះម៉ូតូទៅផ្ទះ មិនទាន់ដល់ផង ក៏ដួលបណ្តាលឲ្យរងរបួស ត្រូវរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុះស្អែកឡើងម៉ោងប្រហែល១១និង០០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បុរសនោះក៏ធ្វើដំណើរមកសុំម៉ូតូពីសមត្ថកិច្ចវិញ ភ្លាមនោះក៏ហូតលុយពីហោប៉ាវ ស្រាប់តែធ្លាក់ម្សៅថ្លាក្រាមស១កញ្ចប់ នៅចំពោះមុខសមត្ថកិច្ច ឃើញដូចនេះក៏ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យឈ្មោះ គឿ សុខកេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HF 6431។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យខាងលើ បានជិះម៉ូតូដួលខ្លួនឯង នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួសបន្ទាប់មកជនសង្ស័យ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូក៏ត្រូវបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំបងប្អូនមកទទួលយកទៅវិញ។

ប្រភពដដែលបានបន្តថា លុះវេលាម៉ោង១១ព្រឹកថ្ងៃទី០៩ ខែឆ្នាំដដែល ស្រាប់តែជនសង្ស័យធ្វើដំណើរមកប៉ុស្តិ៍ ដើម្បីសុំម៉ូតូយកទៅវិញ ខណ:មកដល់មុខប៉ុស្តិ៍ជនសង្ស័យក៏លូកហោប៉ាវយកលុយទិញទឹកផឹក ស្រាប់តែធ្លាក់ម្សៅក្រាមសថ្លា មួយកញ្ចប់ នៅមុខសមត្ថកិច្ចឃើញដូចនេះ សមត្ថកិច្ចក៏ឆែកឆេលើដងខ្លួន បន្តរកឃើញមួយកញ្ចប់ទៀតសរុប២កញ្ចប់តូច ហើយក៏បានឆែកក្នុងម៉ូតូក៏ប្រទះឃើញសម្ភារ:សម្រាប់ជក់មួយឈុតតែម្តង ទើបឃាត់ខ្លួនភ្លាមៗ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយយល់ពីការប្រើប្រាស់ពេលយប់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

មតិយោបល់