ព័ត៌មានជាតិ

តុលាការបើកសវនាការកាត់ទោសក្រុមចោរបាញ់សម្លាប់ជនរងគ្រោះប្លន់ម៉ូតូនៅខណ្ឌទួលគោក

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿង លួចមានស្ថានទម្ងន់ទោស មកធ្វើការបើកសវនាការជាសាធារណៈ។

ជនជាប់ចោទនៃសំណុំរឿងរួមមាន៖

១. ឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង ភេទប្រុស អាយុ ២២ឆ្នាំ ២. ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ ១៨ឆ្នាំ ៣. ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ៤. ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី ភេទស្រី អាយុ ១៨ឆ្នាំ ៥. ឈ្មោះ ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ ២២ឆ្នាំ ៦. ឈ្មោះ អេង អារីពីន ភេទប្រុស (បានរត់គេចខ្លួន)។

ជនជាប់ចោទត្រូវបានលោក សេង ហៀង តំណាងអយ្យការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបានបាញ់សម្លាប់ជនរងគ្រោះសម្លាប់ប្លន់យកម៉ូតូ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង បានបដិសេធចម្លើយមុនៗទាំងអស់។ ជនជាប់ចោទបានសារភាពថា ខ្លួនជាមិត្តភក្តិឈ្មោះ ប៉ែន ចំណាប់ ហៅពីន ហើយជួលបន្ទប់រស់នៅជាមួយគ្នានៅម្តុំភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ជនជាប់ចោទបន្តថា នៅព្រលឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត យកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៥ មកផ្ញើនៅក្នុងបន្ទប់សិនហើយក៏ចេញទៅបាត់ ក្រោយមកបន្តិចស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថទៅឃាត់ខ្លួននៅក្នុងបន្ទប់តែម្តង។

ជនជាប់ចោទឈ្មោះ ប៉ែន ចំណាប់ ហៅពីន បានបដិសេធចោលចម្លើយមុនៗ និងបានសារភាពថា ខ្លួនជាមិត្តភក្តិរបស់ឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង នឹងបានរស់នៅក្នុងបន្ទប់ជួលជាមួយគ្នាមែន។ ជនជាប់ចោទថា ខ្លួនបានស្គាល់ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត ជាស្ត្រីធ្វើការនៅខារ៉ាអូខេ។ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ម៉ោងប្រហែល៧ព្រឹក ឈ្មោះ ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី ឈ្មោះ ពេជ្រ សូណែត និងឈ្មោះ ម៊ី (ស្លាប់) យកម៉ូតូម៉ាកហុងដា C125 សេរី២០១៥ ព័ណ៌ខ្មៅ មកផ្ញើនៅបន្ទប់របស់ខ្លួន។ ជនជាប់ចោទបន្តថា នៅម៉ោងប្រហែល៨ព្រឹក មានសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ក្រោយមកខ្លួនបាននាំសមត្ថកិច្ចទៅតាមចាប់ ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី ឈ្មោះ ពេជ្រ សូណែត និងឈ្មោះ អាម៊ី នៅម្តុំភ្នំបាសិត រហូតមានការបាញ់តដៃគ្នា ត្រូវសមត្ថកិច្ចបាញ់ឈ្មោះ លីម និងឈ្មោះ ម៊ី ស្លាប់នៅនឹងកន្លែងតែម្តង។

ជនជាប់ចោទឈ្មោះ អ៊ឹម សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពប្លន់ជាមួយឈ្មោះ ប៉ែន ចំណាប់ ហៅពីន ក្នុងពេលកន្លងមក ប៉ុន្តែករណីប្លន់នៅសង្កាត់បឹងកក់២ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នោះខ្លួនមិនបានដឹងនោះទេ។

ជនជាប់ចោទឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី បដិសេធថាខ្លួនមិនបានចូលរួមក្នុងសកម្មភាពប្លន់បាញ់សម្លាប់នៅខណ្ឌទួលគោកទេ។ ជនជាប់ចោទថា ខ្លួនជាសង្សាឈ្មោះ លីម ដែលសមត្ថកិច្ចបាញ់ស្លាប់ ខ្លួនបានស្គាល់ឈ្មោះ ពេជ្រ សូណែតដែរ តែអត់ស្គាល់ឈ្មោះ ម៊ី ដែលស្លាប់ទេ។

ជនជាប់ចោទឈ្មោះ ពេជ្រ សូណែត បានឆ្លើយថា ខ្លួនជាសង្សារបស់ឈ្មោះ ម៊ី ដែលសមត្ថកិច្ចបាញ់ស្លាប់ ប៉ុន្តែខ្លួនមិនដឹងរឿងករណីប្លន់បាញ់សម្លាប់ប្លន់ម៉ូតូនៅទេ។ ជនជាប់ចោទបានទទួលស្គាលថា ខ្លួននឹងឈ្មោះ ម៊ី ពិតជាបានយកម៉ូតូម៉ាកហុងដា C125 សេរី២០១៥ទៅទកនៅបន្ទប់ជួលរបស់ឈ្មោះ ប៉ែន ចំណាប់ ហៅពីន និងឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង ប្រាកដមែន។

គួររំឭកថា កាលពីម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិសាស្ត្រសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានករណីប្លន់ម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ដោយជនល្មើសបានបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ឈ្មោះ មោះ ប៉ែន ចំណាប់ ហៅអាពីន និងឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង និងឈានទៅតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀតនៅចំណុចភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ ដែលនៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត

និងមានជនល្មើសឈ្មោះ លីម និងឈ្មោះ ម៊ី ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅនឹងកន្លែង ដោយសារតែពួកគេបានបាញលតដៃសមត្ថកិច្ច។ ប្រតិបត្តិការណ៍នោះសមត្ថកិច្ចបានដកហូតអាវុធខ្ចី ២ដើមជាមួយគ្រាប់មួយចំនួន និងម៉ូតូចំនួន ៤គ្រឿង។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសបានឆ្លើយថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ដោយប្រើអាវុធខ្លី មិនតិចជាង ៣០លើកទេ ប៉ុន្តែទីតាំងដែលពួកវា ចាំច្បាស់នាពេលថ្មីៗនេះ មាន ៩លើកគឺ៖

១. នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវលេខ១១៨ ខណ្ឌដូនពេញ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីជន រងគ្រោះបាន ១គ្រឿងម៉ាក MSX។

២. នៅចំណុចស្តុបអំបាសាឌ័រ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបាន ១គ្រឿង ម៉ាក MSX។

៣. នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល ១ និង២០នាទីអាធ្រាត មិនចាំថ្ងៃខែ បានយក កាំភ្លើងខ្លីវាយជន រងគ្រោះ ២នាក់ ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុង ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥។

៤.នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល ១៖២០នាទីរំលងអធ្រាត្រ មិនចាំថ្ងៃខែ បានយកកាំភ្លើងខ្លីវាយជន រងគ្រោះ ២នាក់ ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥។

៥. នៅស្ពាន ឧកញ៉ា លីយ៉ុងផាត់ ត្រើយខាងលិច ក្នុងខែតុលា ឆ្នាំ២០១៥ បានបាញ់ជនរងគ្រោះ បាក់ជើងប្លន់យកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤។

៦.នៅចំណុចក្រោយ វិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ វេលាម៉ោង ប្រហែល១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨-១១-២០១៥ ពួកវា៧នាក់ បានបាញ់១គ្រាប់ លើជនរងគ្រោះ ប្លន់យកបានម៉ូតូម៉ាក MSX ពណ៌ស ១គ្រឿង។

៧.នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ពួកវា៥នាក់ ម៉ូតូ២គ្រឿង បានប្លន់ម៉ូតូ១គ្រឿង ម៉ាកស្កូបពីមិន បានសម្រេច និងបានបាញ់ម្ចាស់ម៉ូតូឲ្យស្លាប់ម្នាក់ របួសម្នាក់។

៨.នៅចំណុចខាងក្រោយ អតីអធិការដ្ឋាននគរបាល ខណ្ឌទួលគោក វេលាទៀបភ្លឺថ្ងៃទី៩-១២-២០១៥ ពួកវា ៧នាក់ បានបាញ់ សម្លាប់ជន រងគ្រោះ ប្លន់យកបានម៉ូតូ ១ គ្រឿង ម៉ាកហុកដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦។

៩.និងចុងក្រោយនៅព្រលឹមថ្ងៃទី ១១-១២-២០១៥ ចំណុចខាងលិខរង្វង់មូល កាំកូស៊ីធី ផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ពួកវាមានគ្នា ៧នាក់ ម៉ូតូ៣គ្រឿង បានបាញ់សម្លាប់ជនរងគ្រោះ យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ហើយក៏បានសមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបបានតែម្តង។

សំណុំរឿងនេះតុលាការសម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ខាងមុខ៕

photo_2016-08-04_13-40-59photo_2016-08-04_13-41-01photo_2016-08-04_13-41-03photo_2016-08-04_13-41-05photo_2016-08-04_13-41-06

មតិយោបល់