ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រា បើករថយន្តលឿនបុកគូទរថយន្តផលិតកម្ម LD picture រងការខូចខាត

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានស្រវឹងស្រា បើករថយន្តលឿនទៅបុកគូទ រថយន្តដឹកសម្ភារៈថតកុន របស់ផលិតកម្ម LDpicture កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតតិចតួច ចំណែករថយន្តបង្កវិញខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ត្រងចំនុចអូរបែកក្អម (ហៅស្តុបណូគា) ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក starex ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-2328 បើកបរដោយបុរសជន ជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ។

យោងតាមប្រភពព័ត៌មានពីរថយន្តរងគ្រោះរបស់ផលិតកម្មLDpicture ម៉ាកIZUZU ពាក់ផ្លាកលេខ ភ្នំពេញ 3D-5139 បើកបរដោយបុរស ២នាក់ បានឲ្យដឹងថា មុនកើតហេតុ រថយន្តគាត់ទើបនឹងបញ្ចប់ថតកុនភាគ នៅសង្កាត់ទួលសង្កែ រួចក៏ដឹកសម្ភារថតកុន ត្រលប់ទៅក្រុមហ៊ុនវិញ នៅក្នុងបុរីលឹមឈាងហាក់ ក្នុងសង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ខណៈកំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុ គាត់បានឈប់រថយន្ត រង់ចាំភ្លើងស្តុបក្រហម ស្រាប់តែរថយន្តបង្ក ធ្វើដំណើរក្នុងល្បឿនលឿន មកបុកគូទរថយន្តគាត់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតតិចតួច ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ ខ្ទេចមួយកំណាត់មុខ សំណាងល្អហេតុការណ៍នេះ មិនពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ ជនជាតិចិនជាអ្នកបើករថយន្តបង្ក បានតេហៅតំណាងរបស់ខ្លួន ជាជនជាតិខ្មែរឲ្យមក ដោះស្រាយជំនួស និងសងការខូចខាតទៅខាងរថយន្តរងគ្រោះ។ ដោយមិនចង់វែងឆ្ងាយខាងរថយន្តរងគ្រោះ បានទារសំណងពីរថយន្ដបង្កចំនួន៥០ដុល្លារ យកទៅជួសជុលរថយន្ត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

មតិយោបល់