ព័ត៌មានជាតិ

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ រំលោភបានសម្រេច គេចខ្លួនបាន ៧ឆ្នាំ បញ្ជូនទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ កោយ គង់ ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលជំនាញ បានរៀបចំ សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ពីបទរំលោភសេពសន្ថវៈ នារីម្នាក់បានសម្រេច រួចរត់គេចខ្លួនរយៈពេល០៧ឆ្នាំ ទៅប្រទេសថៃ ទីបំផុត ត្រូវនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោកឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ជនជាប់ចោទឈ្មោះ កោយ គង់ នេះត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ ពីបទរំលភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឡាយ គឹមលូន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ កោយ គង់ ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនរឿង ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់