ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ត្រូវជនសង្ស័យ ដែលរួមដំណើរជាមួយ ដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិអស់ពីខ្លួន ខណៈដែលជនរងគ្រោះវង្វេងវង្វាន់បាត់ស្មារតី ដេកលើម៉ូតូកង់បីតាមចិញ្ចើមផ្លូវ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ នៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលជាអ្នកលក់ទឹកក្រឡុក នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានឃើញជនរងគ្រោះ បើកម៉ូតូកង់បីឥណ្ឌា១គ្រឿង ម៉ាក ATUL ពណ៌លឿង លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-7949 ដោយមានស្ត្រីម្នាក់ទៀតរួមដំណើរពីខាងក្រោយ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៧១ ។ បន្ទាប់មកជនរងគ្រោះ បានបើកម៉ូតូកង់បីខាងលើ មកឈប់នៅមុខតូបលក់ទឹកក្រឡុករបស់គាត់ ដែលនៅក្បែរកន្លែងកើតហេតុ។ ពេលនោះស្ត្រី ដែលរួមដំណើរជាមួយជនរងគ្រោះ បានចុះមកទិញទឹកក្រឡុកចំនួនពីកែវពីប្រពន្ធរបស់គាត់។
មួយសន្ទុះក្រោយមកប្រពន្ធរបស់គាត់ បានរៀបចំធ្វើទឹកក្រឡុករួចរាល់ហើយ ក៏ប្រគល់ទៅឲ្យស្ត្រី ជាជនសង្ស័យ។ ខណៈនោះស្ត្រី ដែលជាជនសង្ស័យ បានទាញយកទឹកក្រឡុកទៅផឹកខ្លួនឯងមួយកែវ និងបានហុចមួយកែវ ដែលនៅសល់ត្រលប់មកប្រពន្ធរបស់គាត់វិញរួមជាមួយនិងម្សៅសមួយកញ្ចប់ ដោយឲ្យក្រឡុកម្តងទៀត ទុកសម្រាប់ឲ្យទៅជនរងគ្រោះផឹក។
ប្រភពដដែលបន្តថា ស្ត្រីជនសង្ស័យ បានអះអាងថា ម្សៅសនោះ គឺជាស្ករសតែប៉ុណ្ណោះ ស្របពេលដែលបុរសរងគ្រោះ ហាក់ដូចជាគ្មានស្មារតីគ្រប់គ្រាន់ភាំងៗ សួរនាំជាច្រើនសារ ទើបនិយាយឆ្លើយតបមកវិញ។
ក្រោយមកស្ត្រីជាជនសង្ស័យ បានយកទឹកក្រឡុកមួយកែវនោះ យកទៅឲ្យជនរងគ្រោះផឹក រួចក៏បន្តដំណើរ ទៅមុខបន្តទៀត។ លុះមកដល់ចំណុចកើតហេតុជនរងគ្រោះ ក៏បានឈប់ម៉ូតូកង់បីនៅលើចិញ្ចើមផ្លូវ មិនយូរប៉ុន្មាន ស្រាប់តែជនរងគ្រោះ បានបើកម៉ូតូកង់បីឡើងទៅឈប់ចតនៅលើខឿន តាមចិញ្ចើម ដែលជាទីតាំងស្ងប់ស្ងាត់ ដោយជនសង្ស័យ និងជនរងគ្រោះទាំង២នាក់ បានអង្គុយនិយាយគ្នា នៅក្នុងម៉ូតូកង់បីខាងលើ។
មួយសន្ទុះក្រោយមកស្ត្រីជាជនសង្ស័យ បានដើរចេញពីម៉ូតូកង់បី គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់សម្រោល។ ភ្លាមៗនោះ ដោយមានការសង្ស័យគាត់ បានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះ កំពុងដេកស្តូកស្តឹក នៅក្នុងម៉ូតូកង់បី គាត់ក៏បានដាស់ តែដាស់យ៉ាងណាក៏ជនរងគ្រោះ មិនភ្ញាក់ដែរ ទើបគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ បាននាំគ្នាជួយបើកម៉ូតូកង់បីឥណ្ឌា ដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ៕
មតិយោបល់