កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រឿងក្នុងសត្វគោចំនួន១៦កេសស្នា ស្មើនឹងទម្ងន់ជិត១តោន ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំបង្ក្រាបរឹបអូស ខណៈជនល្មើសលួចបន្លំដឹកតាមរថយន្ត១គ្រឿងដោយគ្មានច្បាប់អនុញ្ញាត ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី ស្ថិតនៅភូមិកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បង្ក្រាបករណី ដឹកជញ្ជូនផលិតផល មានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត ។
វត្ថុតាងសមត្ថកិច្ចដកហូតបានរថយន្តសាំងយ៉ុង ពណ៌ស ចំនួន០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-1029 ដឹកជញ្ផូនផលិតផលមានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត(គ្រឿងក្នុងសត្វគោចំនួន១៦កេសស្នោ) ស្មើនឹងចំនួន៩២៨គីឡូក្រាម ។
ករណីខាងលើនេះសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រគល់វត្ថុតាង ជូនមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី ៕







មតិយោបល់