បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការបង្ក្រាបរថយន្តកាមរីមួយគ្រឿង ផ្ទុកទៅដោយសាច់មាន់ ឆ្អឹងមាន់ និងកាពិ ខូចគុណភាព ជាង១តោន ដែលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាទាបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។
ការបង្ក្រាបនេះ ធ្វើឡើងលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចស្ពានទី២ ភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខណៈដែលរថយន្តកាមរីនេះ ដឹកចេញពីក្រុងប៉ោយប៉ែតឆ្លងកាត់ទីរួមខេត្តបន្ទាយមានជ័យ ដើម្បីឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប។
សមត្ថកិច្ច សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឃាត់រថយន្តកាមរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-0112 ដោយមានអ្នកបើករថយន្តម្នាក់ ឈ្មោះ ប៊ុន បូវិបុល ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ នៅក្នុងរថយន្តកាមរី សមត្ថកិច្ចត្រួតពិនិត្យរកឃើញសាច់មាន់ ឆ្អឹងមាន់ ច្រកក្នុងថង់ក្លិនស្អុយជាង១តោន និងកាពិ ១០ធុងតូច។
តាមការឲ្យដឹងពីអ្នកបើករថយន្ត បាននិយាយថា រូបគេបានរកស៊ីដឹកសាច់មាន់ និងឆ្អឹងមាន់៤លើកមកហើយ។ សាច់មាន់ ឆ្អឹងមាន់ទាំងនោះ គឺយកឱ្យក្រពើស៊ីនៅខេត្តសៀមរាប។ ទោះបីអ្នកបើករថយន្តនោះឆ្លើយសារភាពបែបនេះក្តី សមត្ថកិច្ចយោងតាមការដឹកជញ្ជូនសាច់មាន់ ឆ្អឹងមាន់គ្មាន ច្បាប់អនុញ្ញាត និងដើម្បីបញ្ចៀសបញ្ហាផលប៉ះពាល់ បានដកហូតសាច់ ដើម្បីដុតកម្ទេចចោលនៅរសៀលថ្ងៃដដែលនេះតែម្តង។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ឲ្យដឹងទៀតថា ការបង្ក្រាបនេះ ធ្វើឡើងដើម្បីទប់ស្កាត់នូវការនាំចូលទំនិញខូចគុណភាព និងគ្មានសុវត្ថិភាព ពីប្រទេសជិតខាងកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ។ គ្រាដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភបញ្ហាទំនិញ អាហារគ្មានសុវត្ថិភាព និងទំនិញលាយផ្សំពីសារធាតុគីមី ពីសំណាកឈ្មួញខិលខូចមួយចំនួនដែលមិនគិតពីសុខភាពអ្នកដទៃ គិតតែផលចំណេញ និងប្រយោជន៍ផ្ទាល់ខ្លួនឯង៕
មតិយោបល់