ព័ត៌មានជាតិ

យុវជនម្នាក់ ប្រើសារធាតុញៀនហួសកម្រិត បង្កបញ្ហាក្នុងគ្រួសារ ត្រូវម្តាយដាក់ពាក្យបណ្តឹងទៅអាវុធហត្ថ ដើម្បីឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ យុវជនម្នាក់ ប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត រហូតដល់វង្វេងវង្វាន់ស្មារតី បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ត្រូវម្តាយដាក់ពាក្យបណ្តឹងទៅអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតកង់បី មានទីលំនៅកន្លែងកើតហេតុ ។

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ឈានដល់ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុ ។ ជនសង័្សយជាមនុស្សញៀនថ្នាំ ហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់រហូតធ្វើឲ្យក្រុមគ្រួសារពិសេស ម្ដាយរបស់គេមានការលំបាកចិត្ដយ៉ាងខ្លាំង រហូតដល់ទ្រាំពុំបាន ទើបដាក់ពាក្យបណ្តឹង ដល់អាវុធហត្ថមានជ័យ ឲ្យឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

មតិយោបល់