ព័ត៌មានជាតិ

Update៖ ស្រ្តីជាអ្នកមើលការខុសត្រូវបន្ទប់ជួល និងលក់អីវ៉ាន់ ចាប់ហួយម្នាក់ ត្រូវឃាតក ធ្វើសកម្មភាពច្របាច់កសម្លាប់ នៅខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញៈ ស្រ្តីវ័យ៤៧ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអធ័ម ដោយសារមានឃាតក លាក់មុខច្របាច់កសម្លាប់ រួចប្លន់យកម៉ូតូមួយគ្រឿង រួមទាំងទ្រព្យសម្បត្តិមានតម្លៃមួយចំនួនទៀត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលបន្ទប់លេខ១ ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ និង មើលការខុសត្រូវផ្ទះជួល ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិថ្មី ឃុំរំពេង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្ភារបាត់បង់រួមមាន៖ ប្រាក់មួយចំនួន និងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1DC-7457។

តាមការរៀបរាប់ប្អូនស្រីបង្កើតរបស់នារីរងគ្រោះ បានឲ្យដឹងថា រូបគាត់ និងបងស្រី ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ហើយរូបគាត់ បានចេញទៅធ្វើការនៅរោងចក្រ បាត់ទៅនៅតែបងស្រី (ស្រ្តីរងគ្រោះ) នៅលក់អីវ៉ាន់ចាប់ហួយកន្លែងកើតហេតុ ដូចសព្វមួយដង។ រហូតដល់វេលាម៉ោង ៦ ល្ងាចបានប្រឡប់ពីធ្វើការមកវិញ ស្រាប់តែឃើញបន្ទប់ចាក់សោពីខាងក្រៅខុសប្លែកធម្មតា ដោយសារមានការសង្ស័យ ក៏បានហៅអ្នកជិតខាងមកវ៉ៃសោបំបែក ដើម្បីចូលទៅមើលខាងក្នុងមើល ទើបឃើញបងស្រីខ្លួន បាន ដេកស្លាប់នៅលើឥដ្ឋការ៉ូទៅហើយ ក៏ផ្អើលឆោទ្បោដល់អ្នកជិតខាង ព្រមទាំងរាយការណ៍សមត្ថកិច្ច ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា មានស្នាមច្របាច់កសម្លាប់លើសាកសព សន្និដ្ឋានថា ជាករណីឃាតកម្មប្លន់សម្លាប់យកម៉ូតូ១គ្រឿង និងទ្រព្យសម្បត្តិដ៏មានតម្លៃមួយចំនួនទៀត។

បច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសហការជាមួយអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងការិយាល័យកោសល្យវិច័យរាជធានីភ្នំពេញ ដើម្បីបន្តធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ។ ដោយទ្បែកសព សមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិ យកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់