ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះផ្ទះនិងរោងសិប្បកម្មកាត់ដេរ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស

កណ្តាលៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ និងរោងសិប្បកម្ម បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស នៅចំណុចផ្ទះរបស់ឈ្មោះ គ្រុឌ តៃ ភេទប្រុស អាយុ៧០ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ស្រ៊ុន បូរិន ភេទប្រុសអាយុ២៨ឆ្នាំ ស្លាប់ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (កត់ឡូនិងយាមរោងចក្រ) ប្រពន្ធឈ្មោះ អឿន សុខហៀង អាយុ២៤ឆ្នាំ (រងរបួសធ្ងន់) ជនជាតិខ្មែរ មុខរបរកម្មការិនី (ប្រធានផ្នែកដេរ) អ្នកទាំងពីរមានទីលំនៅ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

សម្ភារៈខូចខាត៖ ផ្ទះចំនួន០១ខ្នងសង់ពីឈើ ប្រក់ក្បឿង ទំហំផ្ទះ បណ្ដោយ៩ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយតយ៉ាកជំហៀងខាងជើង និងខាងមុខផ្ទះ សរុបទំហំបណ្ដោយ៣០ម៉ែត្រ ទទឹង១៥ម៉ែត្រ ធ្វើជារោងសិប្បកម្ម ជួលឲ្យសិប្បកម្មដេរខោអាវរោងចក្រ ដោយសម្ភារៈមាននៅក្នុងនោះខូចខាតទាំងស្រុង ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុ មានករណីអគ្គិភ័យឆាបឆេះផ្ទះនិងរោងសិប្បកម្ម នៅចំណុចខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងកម្លាំងប្រជាការពារ ឃុំក្រាំងយ៉ូវ ជាមួយកម្លាំងអន្តរាគមន៍ស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងប្រជាការពារ ឃុំស្អាងភ្នំ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ និងប្រជាការពារឃុំព្រែកគយ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យមណ្ឌលសុខភាព បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ជួយធ្វើការតប្រព័ន្ធទឹកនៅក្បែរនោះបាញ់ទប់ស្កាត់ កុំឲ្យភ្លើងឆាបឆេះ រីករាលដាលដល់ផ្ទះអ្នកជិតខាង និងបានរាយការណ៍ជូនថ្នាក់លើ បន្តរាយការណ៍ជូនលោកស្នងការរងទទួលការងារអគ្គិភ័យខេត្តកណ្ដាល ស្នើសុំឲ្យជួយសង្គ្រោះ ដោយយករថយន្ដពន្លត់អគ្គិភ័យ (ឡានទឹក) មកជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់បំផុត ។

ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងអន្តរាគមន៍ស្រុកស្អាង និងកម្លាំងសហការ បានបែងចែកការងារគ្នា ប្រមូលព័ត៌មានថា មានកម្មករចំនួន០២នាក់ មានតួនាទីស្នាក់នៅយាមក្នុងរោងសិប្បកម្មកន្លែងកើតហេតុ ដែលមានអគ្គិភ័យកំពុងឆេះនោះ កម្លាំងអន្តរាគមន៍បានធ្វើការគាស់ទ្វាទម្លុះចូលទៅ ស្វែងរកជនរងគ្រោះនោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ក៏បានប្រទះឃើញ ឈ្មោះ អឿន សុខហៀង (ប្រពន្ធ) ភេទស្រី ដែលកំពុងដួលសន្លប់នៅក្នុងបន្ទប់ ក្នុងរោងសិប្បកម្មនោះ បានជួយសង្គ្រោះយកចេញមកក្រៅធ្វើការសង្គ្រោះ ជាបឋមដោយលោកគ្រូពេទ្យ និងបន្តស្វែងរកឈ្មោះ ស្រ៊ុន បូរិន (ប្ដី) បានប្រទះឃើញដួលស្លាប់នៅបន្ទប់ទឹកបាត់ទៅហើយ ។
នៅវេលាម៉ោង២២ និង២០នាទី រថយន្ដពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានទៅដល់បាញ់ទឹក គ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង២៣ និង៥០នាទី ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើទឹកអស់ចំនួន២១ម៉ែត្រគូប (២១គីប) ។

ការសន្និដ្ឋាន អគ្គិភ័យខាងលើ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង ។

ជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ។ សាកសពជនរងគ្រោះ បានប្រគល់ទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់