បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សរបួសធ្ងន់ស្រាល៤នាក់ ដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង ដោយសារតែរថយន្ត១គ្រឿងបែកកង់រេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៦១៤ និង ០៦១៥ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក MISUMITSI ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2A-2376 អ្នកបើកមានឈ្មោះ ឈុន បឿក ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់មុខខាងស្តាំក៏រេចង្កូត ទទឹងទ្រូងផ្លូវស្របពេលនោះមានរថយន្តមួយគ្រឿងទៀត ម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9108 អ្នកបើកឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរថយន្តមានអ្នករួមដំណើរចំនួនពីរនាក់មានឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម, ឈ្មោះ ហាយ គឹមហ័ង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំសន្ទុក ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកក្នុងទិសដៅផ្ទុយគ្នាបើកមកចំណុចកើតហេតុ ក៏បុកនឹងរថយន្តបែកកង់ចំកាប៊ីនឡានផ្នែកខាងស្ដាំ បណ្ដាលឲ្យមានមនុស្ស របួសធ្ងន់ ស្រាល ៤នាក់ ។ ហើយអ្នករបួសទាំង៤នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី ។
ចំពោះវត្ថុតាងរថយន្តខូចធ្ងន់ទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ស្រុក យករថយន្តទាំង២ទៅរក្សាទុក នៅអធិការស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់