ព័ត៌មានជាតិ

ម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរងរបួស

បាត់ដំបងៈ នៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាមិនទាន់ដាក់ឱ្យប្រើប្រាស់ រវាងម៉ូតូនិង រថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៣នាក់ ត្រង់ចំណុចក្រុមទី២៦ ភូមិប៉ោយយង់ ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជនរងគ្រោះ១-ឈ្មោះ ជីប ផាន់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ
មានអ្នករួមដំណើរជាមួយឈ្មោះ គឿម ស្គន់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ( របួសស្រាល) អ្នករួមដំណើរឈ្មោះ តាន់ អីនហ្វា ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ( របួសធ្ងន់) អ្នករួមដំណើរឈ្មោះ តាន់ នីសា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ( របួសស្រាល) ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ទេព្យ ចាន់សុវ៉ាត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នៅមុនពេលកើតហេតុ មានម៉ូតូហុងដាឌ្រីម C១២៥ ស៊េរី២០២០ ពាក់ផ្លាកលេខបាត់ដំបង ( 1AK-3847) បើកពីទិសខាងជើងទៅត្បូង ដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវជាតិ ស្រាប់តែមានរថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ស៊េរី១៩៩៦ ពាក់ផ្លាកលេខភ្នំពេញ២ (ប1244) បើកពីទិសខាងត្បូងមកជើងក្នុងល្បឿនលឿន បានបុកម៉ូតូហុងដាឌ្រីមស៊េរី២០២០ ចំផ្នែកខាងមុខចំហៀងខាងស្តាំ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់-ស្រាលចំនួន០៣នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងខាងលើ ជួយអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលបន្ទាន់ផងដែរ ។ សាកសពជនរងគ្រោះ ប្រគល់ទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងបានប្រគល់ឱ្យជំនាញចរាចរណ៍ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់