ព័ត៌មានជាតិ

តុលាការ លើកពេលប្រកាសសាលក្រមសំណុំរឿង វាយអ្នកតំណាងរាស្ត្រ CNRP ទៅប្រកាសនៅចុងខែនេះ

ភ្នំពេញ៖ នៅក្រោយពីចំណាយពេលមួយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ពេញដើម្បីបន្តសវនាការជំនុំជម្រះទោសលើជនជាប់ចោទ ៣នាក់ ដែលបានវាយអ្នកតំណាងតំរាស្រ្តគណៈបក្សសង្គ្រោះជាតិ នៅមុខរដ្ឋសភានោះ លោក ហេង សុខណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះ ទៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខវិញ។

ជនជាប់ចោទទាំង៣នាក់រួមមាន៖
១. ឈ្មោះ ចាយ សារិទ្ធ អាយុ ៣២ឆ្នាំ មុខរបរ យោធាបន្ទាយអង្គរក្ស រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
២. ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ មុខរបរ យោធាបន្ទាយអង្គរក្ស រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។
៣. ឈ្មោះ សុត វណ្ណ នី អាយុ ៤៥ឆ្នាំ យោធាបន្ទាយអង្គរក្ស រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនជាប់ចោទទាំងបីនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅគ្រាដែលពួកគេចូលខ្លួនសារភាពទោសកំហុសនៅចំពោះមុខគណៈកម្មការស៊ើបអង្កេតករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិ។

ជនជាប់ចោទត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការចោទប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះ ២នាក់ ជាតំណាងរស្ត្រគណៈបក្សសង្គ្រោះជាតិ ដែលមាន លោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅមុខវិមានរដ្ឋសភាជាតិ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅថ្ងៃនេះតុលាការបានសាកសួរដេញដោល លើជនជា់ចោទចំនួន២នាក់៖

ទី១. ជនជាប់ចោទឈ្មោះ ម៉ៅ ហឿន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរយោធា បានឆ្លើយសារភាពថាខ្លួនពិតជាបានវាយតំណាងរាស្ត្រពីររូបពិតមែន ប៉ុន្តែខ្លួនមិនស្គាល់ថាជាតំណាងរាស្ត្រទេ។ ការវាយនោះ ដោយសារតែខឹងជនរងគ្រោះដៀលជេរថា ពួកអាយ៉ងយួនម៉េច នៅក្នុងរដ្ឋសភាមានយួនមែនបានជាពួកអែងមកធ្វើបាតុកម្ម។ ជនជាប់ចោទពិបទ ខ្លួនបានទាត់តំណាងរាស្ត្រមួយជើង ហើយក៏មានអ្នកស្រែកថា មេវានៅពីខាងក្រោយ ទើបខ្លួនបានរត់ទៅទាត់អ្នកជិះឡាន ក្រោយមួយជើងទៀត និងទាត់ចំពីមុខមួយជើងទៀតហើយក៏ឮសូរ គេស្រែកថាមានគេវាយតំណាងរាស្ត្រ ទើបដឹងថាគាត់ជាតំណាងរាស្រ្តខ្លួនក៏ក៏រត់គេចខ្លួន សិនរហូតដល់ថ្ងៃចូលសារភាព នៅមុខសមត្ថកិច្ច។

ទី២. ជនជាប់ចោទឈ្មោះ សុត វណ្ណនី ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរយោធា បានឆ្លើយសារភាពថាខ្លួនបានប្រព្រឹត្តបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំណែកបទរឿងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទោសសូមបដិសេធ។ខ្លួនបានស្គាល់ឈ្មោះ ម៉ៅ ហឿន ពីព្រោះនៅអង្គភាពជាមួយគ្នាតែផ្នែកផ្សេងគ្នា។ មុននឹងការវាយតប់នោះខ្លួនបានឃើញរថយន្តព័ណ៌សមួយបើកទៅមុននឹងឃើញរថយន្តព័ណ៌ខ្មៅមួយទៀតមកពីក្រោយហើយស្រែកជេរថាពួកអាយ៉ងយួនម៉េចរដ្ឋសភាមានយួនមែន ហើយក៏ស្រាប់តែមានមនុស្សស្ទុះទៅវាយគាត់ហើយខ្លួនបានឃើញក៏ចូលទៅឃាត់កុំឲ្យវាយគាត់ស្រាប់តែគាត់ជេរទាំងរូបខ្លួនដែរពេលនោះខ្លួនក៏ខឹងក៏បានវាយជនរងគ្រោះពីរដៃ និងទាត់មួយជើងទៀត ។ ជនជាប់ចោទរូបនេះបាន បដិសេធថា ខ្លួនមិនបានវាយរថយន្តជនរងគ្រោះនោះទេ។

គួររំឮកថា កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅលោក ហេង សុខណា ចៅក្រមជំនុំជម្រះក៏បាបើកសវនាការជំនុំជម្រះសំណុំរឿងមួយនេះផងដែរ ប៉ុន្តែនៅគ្រានោះ សវនាការបានសាកសួរជនជាប់ចោទឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរយោធា ដែលបានឆ្លើយសារភាពថាខ្លួនបានប្រព្រឹត្តតែមួយបទល្មើស តែប៉ុនណ្ណោះ គឺបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំណែករឿងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទោសសូមបដិសេធ។ ពេលថ្ងៃកើតហេតុខ្លួនបានឮសូរមានព័ត៌មានមួយមានប្រជាជនជាង៧០០នាក់មកធ្វើកូដកម្មនៅមុខរដ្ឋសភាជាតិ ហើយពេលនោះខ្លួនក៏បានចេញពីផ្ទះនៅតាខ្មៅមកភ្នំពេញដើម្បីយកព័ត៌មាននៅក្នុងកូដកម្មនោះ តែខ្លួនមិនបានចូលរួមធ្វើកូដកម្មជាមួយគេទេ ដោយគ្រាន់តែបានឈរនៅក្បែលរដ្ឋសភាជាតិ ស្រាប់តែខ្លួនបានឃើញឡានមួយគ្រឿងបើកតាមផ្លូវរបងរដ្ឋសភាជាតិ ហើយបានស្រែកជេរថាពួកអាយ៉ងយួន ហើយរូបខ្លួនឈរនៅជិតឡានរបស់គាត់ក៏ធ្វើឲ្យមានកំហឹង ក៏បានឈានដល់ការវាយតប់។

ជនជាប់ចោទថា ខ្លួនបានវាយចំមុខជនរងគ្រោះមួយដៃ ហើយបានទាញជនរងគ្រោះទម្លាក់ពីលើរថយន្តព័ណ៌ស រួចបានទាត់ជនរងគ្រោះមួយជើងទៀតរួចក៏បានដើរចេញពីកន្លែងនោះហើយមិនដឹងថាមានគេព្រួតវាយគាត់បន្ថែមទេ។ ក្រោយមកនៅពេលទៅដល់ផ្ទះក៏បានឃើញគេបង្ហោះហ្វេសប៊ុកទើបដឹងថាខ្លួនបានវាយតំណាងរាស្រ្ត ទើបខ្លួនបានដឹងពីកំហុសទើបសម្រេចចូលខ្លួនសារភាពនៅមុខសមត្ថកិច្ចតែម្តង។

មេធាវីការពារជនរងគ្រោះលោក ជួន ជុងងី ដោយកូនក្តីលោក លោក ញ៉ ចំរើន នឹងលោក គង់ សភា បានទាមទារសំណងជំងឺចិត្តពីជនជាប់ចោទទាំងបីនាក់ក្នុងម្នាក់ៗ១០០លានរៀល និងសុំឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទទៅតាមផ្លូវច្បាប់៕

photo_2016-05-10_18-52-15 photo_2016-05-10_18-52-16 photo_2016-05-10_18-52-18

មតិយោបល់