ភ្នំពេញៈ ផ្ទុយពីការគ្រោងទុកដែលថា លោក ទេព រិទ្ធីនី នឹងចោលតំណែងពិធីករនៅប៉ុស្ដិ៍លេខ៣ បន្ទាប់ពីត្រូវក្រុមហ៊ុនកូរ៉េ ដែលបានប្រកាសថា នឹងបើកទូរទស្សន៍ធំមួយ ដើម្បីប្រកួតប្រជែងចរចាឲ្យតំណែង បែរជាលោកច្រានចោល។ លោកថា ខ្លួនបានជាប់សម្ភាសន៍ជាពិធីករនៅទូរទស្សន៍ថ្មីនោះ ប៉ុន្តែមកពីមិនដាច់ចិត្តពីប៉ុស្ដិ៍លេខ៣ ទើបជូនដំណឹងមិនទទួលវិញ។
ផ្ទុយពីលោក ស៊ិន សុធារិទ្ធិ ដែលបានគ្រងតំណែងជាពិធីកររបស់ក្រុមហ៊ុនកូរ៉េ Hanna TV Shopping ទាំងអារម្មណ៍សប្បាយចិត្ត ក្រោយពីត្រឡប់មកកាន់សិល្បៈវិញ លោក ទេព រិទ្ធីនី បានអះអាងថា លោកក៏ជាប់ក្នុងចំណោម១០រូប ដែលស្ថាប័នកូរ៉េនេះ ជ្រើសរើសផងដែរ ប៉ុន្តែលោកសុខចិត្តទម្លាក់ចោល។ ហេតុផលដែលលោកសម្រេចចិត្តបែបនេះ គឺបណ្ដាលមកពីលោកយល់ថា លក្ខណ្ឌដែលខាងទូរទស្សន៍កូរ៉េ Hanna TV Shopping មានភាពស្មុគស្មាញ និងអ្វីដែលលោកស្ទាក់ស្ទើរ គឺភាពជឿជាក់ បើធៀបនឹងស្ថាប័នរបស់លោកនៅប៉ុស្ដិ៍លេខ៣តែម្ដង។ លោកនិយាយថា «គាត់បញ្ជាក់ថា គាត់មានកម្មវិធីច្រើនឲ្យយើងចេញមុខ ប៉ុន្តែមកពីគាត់រឹតដ្បិតរឿងពេលវេលាពេក ទើបខ្ញុំមិនអាចធ្វើបាន ម្យ៉ាងខ្ញុំមិនដឹងថា គាត់នឹងបើកទូរទស្សន៍ផ្ទាល់ខ្លួនពេលណាផង ទើបគិតថា នៅប៉ុស្ដិ៍លេខ៣បន្តទៀតល្អជាង!»។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនកូរ៉េ Hanna TV Shopping គឺបានប្រកាសថា ខ្លួននឹងបើកទូរទស្សន៍ធំមួយក្នុងពេលដ៏ខ្លី ដើម្បីធ្វើការប្រកួតប្រជែងនូវកម្មវិធីកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែមិនមានការបញ្ជាក់ថា ពេលវេលាណាមួយច្បាស់លាស់ ទើបទូរទស្សន៍នោះ ដំណើរការនោះទេ ដោយសូម្បីទីតាំងរបស់ស្ថានីយទូរទស្សន៍ថ្មី ស្ថិតនៅឯណា ក៏មិនទាន់បញ្ចេញព័ត៌មាន។
យ៉ាងណាក៏ដោយ គេបានដឹងថា ក្រុមហ៊ុនកូរ៉េមួយនេះ បានបង្កើតកម្មវិធីជាច្រើននៅលើ Online ដែលមានឈ្មោះថា TV Online និងគ្រោងទិញម៉ោងរបស់ទូរទស្សន៍ក្នុងស្រុកមួយ ដើម្បីផលិតកម្មវិធីដាក់ផ្សាយ ទើបសម្រេចជ្រើសរើសពិធីករ និងពិធីការិនីគគ្រឹកគគ្រេង ដែលធ្វើឲ្យតារាសិល្បៈជាច្រើន ប្រជែងគ្នាច្បាមយកតំណែងនៅក្នុងស្ថាប័នថ្មីនេះ។ អញ្ចឹងទើប គេចាប់អារម្មណ៍នៅពេលដែលលោក ទេព រិទ្ធីនី ដែលមានឱកាសជាប់តេស្ដលើការបរាជ័យរបស់ពិធីករ និងពិធីការិនីអាជីពរាប់មិនអស់ ស្រាប់តែសម្រេចចិត្តបោះបង់តំណែង ដោយសុខចិត្តបន្តការងារនៅកម្មវិធីដែលខ្លួនកាន់កាប់នៅប៉ុស្ដិ៍លេខ៣ដដែល។
យ៉ាងណាក៏ដោយ លោក ពេទ រិទ្ធិនី ថា ហេតុផលដែលលោកក្រាញនៅកន្លែងចាស់ គឺមកជម្រើសដែលផ្ដល់ឲ្យនៅក្នុងស្ថាប័នថ្មី នៅមិនទាន់ធ្វើឲ្យលោកកក់ក្ដៅប៉ុណ្ណោះ៕
មតិយោបល់