ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ តខ្សែភ្លើងដាក់ចូលក្នុងផ្ទះត្រចៀកកាំ បណ្តាលឲ្យឆក់ស្លាប់

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសជនបរទេសជនជាតិ វៀតណាមម្នាក់ តខ្សែភ្លើងចូលក្នុងផ្ទះត្រចៀកកាំ ខុសបច្ចេកទេស បណ្តាលឲ្យចរន្តភ្លើងឆ្លងឆក់ស្លាប់ ខណ:ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៣ និង ៤០ នាទីរសៀល ស្ថិតត្រង់ ចំណុចចុងបឹង ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមាន ជនបរទេស ជនជាតិ វៀតណាមម្នាក់ ឈ្មោះង្វៀង យាំងទឹង ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិ ឃុំខាងលើ មុខរបរជាងធ្វើសំណង់ផ្ទះត្រចៀកកាំ នៅចំណុចកើតហេតុ ចុងបឹង ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណ: នោះជនបរទេសជនជាតិវៀតណាម បានតខ្សែអំពូលភ្លើងដាក់ក្នុងផ្ទះត្រចៀកកាំ ដោយខុសបច្ចេកទេសត្រូវចរន្តភ្លើងឆក់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រងិល ស្រុកភ្នំក្រវាញ។ ប្រភពពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា បុរសជនបរទេសជនជាតិវៀតណាមបានស្លាប់ហើយ ។ ក្រោយពីបានដំណឹងពីក្រុមគ្រូពេទ្យ សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានបានធ្វើការពិនិត្យឃើញថាពុំមានឯកសារសម្គាល់ខ្លួន នោះឡើយ ។ តាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ឯកសាររបស់ពួកគាត់ ត្រូវបានចោរលួចនៅភ្នំពេញ ៕

មតិយោបល់