ព័ត៌មានជាតិ

ក្ដៅៗ ស្ទីលថ្មីក្លែងធ្វើជាថៅកែពិភាក្សារឿងរកស៊ី ហើយចាប់ជំរិត

បាត់ដំបងៈ បុរស២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីម្នាក់ដើរតួជាអ្នកទំនាក់ទំនងរកស៊ីជាមួយថៅកែ ឯម្នាក់ទៀតដើរតួជាថៅកែ តែបែរជាចាប់ជំរិតទារប្រាក់ពីថៅកែជនជាតិថៃនោះទៅវិញ។ ជនទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តប៉ៃលិនកាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ខណៈកំពុងផឹកស៊ីនៅក្នុងអាហារដ្ឋានយីហោ «បឹងសែនត្រជាក់ចិត្ត» ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោយការសហការគ្នារវាងអាវុធហត្ថខេត្តបាត់ដំបង និងអាវុធហត្ថខេត្តប៉ៃលិន។

ប្រភពពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហៀង សុភក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះ កា ប៊ុនស ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ ម្នាក់បានដើរតួរជាអ្នកស្គាល់ថៅកែជនជាតិថៃ ឯម្នាក់ទៀតដើរតួជាថៅកែបានទំនាក់ទំនងណាត់ជួប ដើម្បីទំនាក់ទំនងរកស៊ីជាមួយថៅកែជនជាតិថៃ។ ខណៈពេលជួបជាមួយថៅកែជនជាតិថៃនៅខេត្តប៉ៃលិន បុរសទាំង២នាក់នេះបានល្បួងថៅកែជនជាតិថៃនោះមកកាន់ខេត្តឧត្តរមានជ័យ រួចចាប់បង្ខាំងជម្រិតទារប្រាក់តែម្តង ដោយបង្ខំឲ្យសាច់ញាតិថៅកែជនជាតិថៃនោះ ផ្ញើប្រាក់មកឲ្យតែសាច់ញាតិមិនបានផ្ញើមកឲ្យទេ។ ពេលនេះបុរសទាំង២នាក់នេះបានប្លន់យកទ្រព្យសម្បត្តិ ដែលមានជាប់ខ្លួនថៅកែជនជាតិថៃនោះរួមមាន ទូរស័ព្ទអាយហ្វូន៦គ្រឿង លុយថៃជាង១ម៉ឺនបាត និងគ្រឿងអលង្ការមាសជាង៥តម្លឹង។ ក្រោយពីប្លន់រួចក៏ដោះលែងថៅកែនោះទៅវិញទៅ ។

ក្រោយពេលដោះលែងថៅកែជនជាតិថៃនោះក៏បានដាក់ពាក្យបណ្ដឹងនៅខេត្តប៉ៃលិន ទើបសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ និងដកហូតបានរថយន្ត១គ្រឿងផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថបញ្ជូនទៅដល់ដៃតុលាការខេត្តប៉ៃលិនហើយ៕

photo_2016-08-05_09-25-23photo_2016-08-05_09-25-25

មតិយោបល់