ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង១២នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុប ២៤ម៉ោង ស្ថិតតាមបណ្ដោយហាណូយ កែងនិងផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ដំណើររឿង៖ ដំបូងទ្បើយ គេឃើញបុរសម្នាក់ បើកបររថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-1220 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម។
នៅពេលមកដល់ចំណុចកើតហេតុ ភ្លើងស្តុបអទិភាពរថយន្តខាងលើ ក៏បានបើកឆ្លងទៅផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ដោយទើបតែឆ្លងបានពាក់កណ្តាលផ្លូវប៉ុណ្ណោះ ស្រាប់តែមានរថយន្តកូរ៉េដឹកឥដ្ឋ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-7691 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវហាណូយ ជាមួយល្បឿនយ៉ាងលឿន ទាំងបំពានភ្លើង សញ្ញាចរាចរណ៍ ជ្រុលមកបុករថយន្តព្រូសចំផ្នែកខាងក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូស ខ្ទាតត្រឡប់ក្រោយ រងការខូចខាតក្រពឹតយ៉ាងដំណំ។ រីឯរថយន្តបង្ក ខូចខាតក្រពឹតកាងខាងមុខចំហៀងខាងឆ្វេង។
ភ្លាមៗនោះរថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ច ឃើញហេតុការណ៍ ជិះម៉ូតូដេញតាមពីក្រោយរថយន្ត ទៅដល់ផ្លូវទល់ ទើបអ្នកបើកទ្វាររថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅខាងលិចវត្តសំរោងអណ្ដែត តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ទាក់ទងទៅជំនាញ ឲ្យចុះមកវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនិតីវិធី៕
មតិយោបល់