ព័ត៌មានជាតិ

ផ្អើលទាំងយប់ ក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ ដកកាំភ្លើងបាញ់ក្មេងស្ទាវ ជាច្រើនគ្រាប់ នៅខណ្ឌខណ្ឌដូនពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខនឹងសាលាបឋមសិក្សាចតុមុខ
ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ មានករណីភ្ញាក់ផ្អើលមួយ ដោយសារឮសំទ្បេងផ្ទុះអាវុធជាច្រើនគ្រាប់។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

ដំណើររឿង៖ ដំបូងទ្បើង គេឃើញក្រុមក្មេងស្ទាវ មិនស្គាល់អត្តសញ្ញាណ៤នាក់ ជិះម៉ូតូ ២គ្រឿង មួយគ្រឿងម៉ាក កូនទា ពណ៌ខ្មៅ គ្មានផ្លាកលេខ និងមួយគ្រឿងទៀត ម៉ាក
ស៊ុយសុគីឡេត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FP-4915
ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះនរោត្តម។

លុះមកដល់ចំណុចកើតហេតុ ពួកគេបានឈប់ម៉ូតូ ដើម្បីទិញនំពពាយនៅខាងមុខសាលាចតុមុខ ខណ:នោះស្រាប់តែលេចមុខមនុស្ស៣នាក់ ជិះម៉ូតូម្នាក់មួយៗ ម៉ាកហុងដាឌ្រីម សេ១២៥ ទាំង៣គ្រឿង មិនចាំស៊េរី មកក្បែរក្មេងស្ទាវទាំង៤នាក់ ហើយមើលមុខពួកគេ ទើបក្មេងស្ទាវទាំង ៤នាក់ ស្រែកថាឲ្យ ថែមទាំងកាន់ដុំថ្មបម្រុងនឹងគប់ទៀត។ ភ្លាមៗនោះ ក្រុមមនុស្សមានគ្នា ៣នាក់នោះ មានការខឹងសម្បារ ក៏បកម៉ូតូត្រឡប់ក្រោយ រួចដកកាំភ្លើងខ្លីចេញមកពីចង្កេះ បាញ់ចំនួន ៤ទៅ៥ គ្រាប់ ធ្វើឲ្យក្រុមក្មេងស្ទាវ តក់ស្លុតពេកក៏នាំគ្នារត់ចូលក្នុងហាងបបរអង្កែបមួយកន្លែង នៅលើផ្លូវព្រះនរោត្តមយីហោ ហ្គេឡាង ឡារ៉ង់។

ករណីនេះ បង្កឲ្យផ្អើលសមត្ថកិច្ច ចុះមកស្រាវជ្រាវផងដែរ ដោយបានរកឃើញសំបកគ្រាប់ចំនួន៣គ្រាប់ នៅក្បែរហាង KFC ចំណែកឯក្មេងស្ទាវ ទាំង៤នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍។

ក្រោយកើតហេតុ ក្រុមក្មេងស្ទាវ ដែលជាជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងរាំង ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមនិតីវិធី៕

មតិយោបល់