ព័ត៌មានជាតិ

Update៖ បើកម៉ូតូលឿន ទៅបុករថយន្តពីក្រោយកំពុងឈប់ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់

ក្រចេះ: នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកល្បឿលឿន ទៅបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ចំណុចផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែតលេខ២៧៤-២៧៥ ស្ថិតក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ករណីខាងលើនេះ បង្កឡើងដោយម៉ូតូម៉ាក អ៊ិច សេនធ័រ ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុ ខាងលើ ក៏បានជ្រុលទៅបុករថយន្ត ពីក្រោយដែលកំពុងឈប់ស្ងៀម រថយន្តមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តចេញទៅបាត់ភ្លាមៗពីកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានអ្នករួមដំណើរជាមួយ២នាក់ផ្សេងទៀត ភេទស្រី បណ្តាលឲ្យបាត់បង់ជីវិតទាំងអស់ នៅនឹងកន្លែងកើតហេតុ ។

មូលហេតុ៖ បណ្តាលមកពីបើកបរម៉ូតូក្នុងល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលូដ្ឋន បានចុះទៅពិនិត្យ ដល់ដល់ទីតាំងខាងលើ យកវត្ថុតាងទៅរក្សាទុក ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល រីឯសាកសពជនរងគ្រោះ ត្រូវបានរថយន្តពេទ្យបង្អែកស្រុកដឹកទៅមន្ទីរពេទ្យបង្អែក ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់