បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួនពីបទមនុស្សឃាតដោយចេតនា នៅចំនុចស្ពានពោះពីរ ផ្លូវកៅស៊ូ ខាងត្បូងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កើតឡើងនៅម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនដៃដល់ក្នុងករណីមនុស្សឃាតនេះមានឈ្មោះ ចាន់ សេរីវឌ្ឍនា ហៅប៉ាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ណាថាន់ ហៅបារាំង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ របួសធ្ងន់ បន្ទាប់មកស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ។
អធិការស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនដៃ ឈ្មោះ ចាន់ សេរីវឌ្ឍនា ហៅប៉ាង និងបក្ខពួកគេ ០៣នាក់ទៀត មានឈ្មោះ០១-/ហុក វាសនា ហៅស្តៅ ភេទប្រុស អាយុ២២ឆ្នាំ, ០២/ឈ្មោះកែវ ចាំង ភេទប្រុស អាយុ២០ឆ្នាំ, ០៣/ឈ្មោះ ស៊ុយ លឹមហាំង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ កំពុងអង្គុយផឹកស្រាបៀរនៅចំណុចស្ពានពោះពីរក្បែរផ្លូវកៅស៊ូ ខាងត្បូងភូមិភ្នំជញ្ជាំង ឃុំជប់វារី ក៏ស្រាប់តែមាន ក្មេងមួយក្រុមទៀតបើកម៉ូតូពីជើងទៅត្បូង លើផ្លូវកៅស៊ូក្បែរពួកគេកំពុងផឹកស្រាបៀរ ចោទទៅក្រុមជនរងគ្រោះថាបើកម៉ូតូសន្លោកកាច់រាង ពួកនោះបើកម៉ូតូហួសទៅ។ ភ្លាមនោះឈ្មោះ ហុក វាសនា ហៅស្តៅ បានបើកម៉ូតូដឹកឈ្មោះ ចាន់ សេរីវឌ្ឍនា ជាជនដៃដល់ដេញតាមពីក្រោយ ដោយមានកាន់ដំបងប្ញស្សី មួយកំណាត់ប្រវែង មួយម៉ែត្រប៉ុនកដៃ ជនរងគ្រោះឈ្មោះ សុខ ណាថាន់ បើកម៉ូតូដឹកឈ្មោះ មួន សុកាន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ពេលម៉ូតូដល់ខាងលិចភ្នំព្រះនេត្រព្រះ ឈ្មោះ មួន សុកាន លោតចុះពីម៉ូតូ ឈ្មោះ សុខ ណាថាន់ បើកម៉ូតូហួសទៅមុខបានបន្តិចជាន់ហ្រ្វាំងម៉ូតូឈប់ ពេលនោះម៉ូតូរបស់ឈ្មោះ ហុក វាសនា និងឈ្មោះ ចាន់ សេរីវឌ្ឍនា ទៅដល់ បានវាយទៅលើឈ្មោះ សុខ ណាថាន់ ហៅបារាំងត្រូវមួយដំបងចំក្បាលផ្នែកខាងក្រោយយ៉ាងខ្លាំង បណ្តាលអោយជនរងគ្រោះដួលទៅលើផ្លូវ ហើយឈ្មោះ ហុក វាសនា និងឈ្មោះ ចាន់ សេរីវឌ្ឍនា បានបើកម៉ូតូគេចខ្លួនមកកន្លែងផឹកស៊ីវិញ ធ្វើដូចគ្មានរឿងអ្វី ក៏ត្រូវកម្លាំងនគរបាលស្រុកព្រះនេត្រព្រះចាប់ឃាត់ខ្លួននៅកន្លែងផឹកស៊ីតែម្តង ដោយដកហូតបានវត្ថុតាងដំបងប្ញស្សីចំនួន០១ដើមផងដែរ។ លោកអធិការបន្តថា៖ ជនដៃដល់ឈ្មោះ ចាន់ សេរីវឌ្ឍនា ហៅប៉ាង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕
មតិយោបល់