ភ្នំពេញៈ នៅវេលាម៉ោង ៣និង៣០នាទីសៀលថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកតាសេក និងប៉ុស្តិ៍ព្រែកលៀប បានចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ។
លទ្ធផលសមត្ថកិច្ច ចាប់បានជនសង្ស័យចំនួន ៣នាក់៖ ទី១ឈ្មោះ លុន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរជួញដូរនូវសារធាតុញៀនខុសច្បាប់ និងទី៣ឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (ប្រើប្រាស់នូវសារធាតុញៀន) អ្នកទាំងបី ស្នាក់នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ ថ្នាំញៀន ចំនួន ២២ កញ្ចប់តូច និង ១កញ្ចប់ធំ និងសម្ភារៈប្រើប្រាស់មួយចំនួន ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធី៕


មតិយោបល់