ព័ត៌មានជាតិ

ផឹកស្រាស្រវឹង ប្រើហិង្សាវាយបំផ្លាញទ្រព្យក្នុងផ្ទះ និងដេញកាប់ប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុក ចាប់ឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធ បានប្តឹងពីបទប្រើអំពើហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងយកកាំបិតដេញកាប់ខ្លួន។

ការចាប់ឃាត់ខ្លួននេះ នគរបាលបានធ្វើឡើងនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ជនបង្កជាប្តី ឈ្មោះព្រឿង ថុល អាយុ៣៣ឆ្នាំ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជននេះ ត្រូវបានស្ត្រីជាប្រពន្ធឈ្មោះ កៅ ថោង អាយុ៣២ឆ្នាំ បានប្តឹងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៣និង៣០នាទីល្ងាច ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ បានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះខាងលើ ដែលប្ដីរបស់ជនរងគ្រោះ បានមកពីផឹកស្រាស្រវឹង រករឿងវាយឆ្នាំងបាយ វាយធុងស៊ីប្រូ វាយពាងទឹកបែកអស់មួយ និងបានប្រើហិង្សាមកលើខ្លួន ដោយទាត់ចំក្បាលមួយជើង យកកាំបិតដេញកាប់ដល់លើផ្ទះ កាប់ទ្វារស័ង្កសីរហែកមួយសន្លឹក និងកាប់ខ្លួន០១កាំបិត តែគេចផុត ត្រូវចំចុងច្រមុះបន្តិច ពេលនោះនាង បានស្រែកខ្លាំងៗ ប្តីនាង ក៏ បានចុះមកក្រោមផ្ទះវិញ ភ្លាមនោះនាងបានលួចរត់ ទៅប្ដឹងលោកមេភូមិ តែត្រូវប្តីនាងបានដេញកាប់ពីក្រោយទៀត ហើយបានគប់កាំបិតទៅលើនាងតែមិនត្រូវ បន្ទាប់មកប្តីនាង ត្រឡប់មកផ្ទះវិញហើយអង្គុយផឹកស្រា មានកំបិត ជំពាមកៅស៊ូ ដំបងឈើ ទុកដាក់ក្បែរខ្លួន ចាំបាញ់ចាំដេញកាប់ វាយ មិនឲ្យនាងចូលផ្ទះ ។

លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីចាប់ឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យបានសារភាពថា ៖ ខ្លួន​ពិតជាបានប្រើអំពើហិង្សាពិតប្រាកដមែន ។ ដោយផ្អែកទៅលើស្តី្រជាប្រពន្ធ សំណូមពរដល់ សមត្ថកិច្ច ចាត់ការតាមនីតិវិធីលើប្តីខ្លួន។ បច្ចុប្បន្នជនសង្ស័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់