ព័ត៌មានជាតិ

២ករណីក្នុងថ្ងៃតែមួយ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងផ្ទះពលរដ្ឋខូចខាត២ខ្នង ​នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រងការខូចខាត និងករណីខ្សែភ្លើងឆក់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ នៅខេត្តកំពង់ធំ ។

ករណីទី១៖ ខ្យល់កន្រ្តាក់នៅវេលាម៉ោង១៧និង០០នាទី បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅភូមិក្រយាជើង និងភូមិក្រយាត្បូង
ម្ចាស់ផ្ទះឈ្មោះ ស៊ុន សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះទំហំ៥មx៦ម ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី នៅភូមិក្រយាជើង ខូចខាតដើមដូងរលំសង្កត់លើផ្ទះ ។
ម្ចាស់ផ្ទះឈ្មោះ បាន ផារី ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិក្រយាត្បូង ខូចខាតដាច់សំយ៉ាបមុខផ្ទះ ។

ករណីទី២៖ មនុស្សឆក់ខ្សែភ្លើង បណ្តាលឱ្យស្លាប់ម្នាក់ នៅវេលាម៉ោង១៧និង៤៥នាទី ស្ថិតនៅភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ មឿម ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ ។

មូលហេតុ៖ ជនរងគ្រោះតខ្សែភ្លើងដាក់អំពូលចង្រិត បណ្តាលឱ្យឆក់ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកើតហេតុខាងលើ ឃើញផ្ទះប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង និងបុរសម្នាក់ បានបាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់ ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់