ព័ត៌មានជាតិ

រថយន្តអូឌីបើកបំពានភ្លើងសញ្ញា ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ខ្ទាតទៅបុកស្លាកប៉ាណូស្ថានីយប្រេងឥន្ធនៈសូគីម៉ិច

ភ្នំពេញៈ ជនជាតិចិនបើករថយន្ត អូឌីQ7 មួយគ្រឿង បោះពួយយ៉ាងលឿនទាំងបំពានភ្លើងសញ្ញាចរាចរណ៍ ទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿង បណ្តាលឲ្យខ្ទាតឡើងខឿនទៅបុកស្លាកប៉ាណូស្ថានីយប្រេងឥន្ធនៈសូគីម៉ិច កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបពេទផន តាមបណ្ដោយផ្លូវម៉ៅសេទុងកែង និងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិខ្មែរ បើកបររថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-0603 បើកដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្តុបកើតហេតុ ដែលភ្លើងសញ្ញាចរាចរណ៍ជាភ្លើងអទិភាព ក៏បានបើកឆ្លងស្តុបដោយបើកឆ្លងកាត់ផ្លូវម៉ៅសេទុងឆ្ពោះទៅត្រង់ ខណៈពេលដែលឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក អូឌីQ7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AE-3811 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងបំពានភ្លើងសញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុករថយន្តរថយន្តហាយឡែនឌ័រពេញទំហឹង ហើយរថយន្តហាយឡែនឌ័រ ក៏បានខ្ទាតឡើងខឿនទៅបុកស្លាកប៉ាណូស្ថានីយប្រេងឥន្ធនៈសូគីម៉ិច បណ្តាលក្រពឹតរងការខូចខាត ចំណែករថយន្តហាយឡែនឌ័របានរងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ រីឯរថយន្តអូឌីបានរងការខូចខាតក្រពឹតផ្នែកខាងមុខតែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់