ឧត្តរមានជ័យៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ CCF ថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសំរោង ដែលមានទីតាំងនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហារចំនួន ១០ គំរូ មានដូចជា៖ ត្រីងៀត ម៉ឹក បង្គា សាច់ក្រក ត្រីប្រាហើម ជ្រក់មមាញ ស្ពៃជ្រក់ នំបញ្ចុក សណ្ដែកបណ្តុះ និងខ្ញីហាន់ ហើយបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទការប្រើប្រាស់ និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់រួមមាន៖
-ម៉ឹក ចំនួន ៩.៥ គីឡូក្រាម
-ទឹកស៊ុបគុយទាវ ៥ កញ្ចប់ ស្មើនិង១.៧៥ គីឡូក្រាម
សរុបដកហូតបានចំនួន ១១.២៥ គីឡូក្រាម។
បន្ទាប់មក មន្ត្រីសាខា ក.ប.ប បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលភ្លែមៗ។ ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕
មតិយោបល់