ព័ត៌មានជាតិ

ប្តីប្រពន្ធ២នាក់ ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ធំ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៥ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៣០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ បង្ក្រាបបទល្មើគ្រឿងញៀនចំនួន ០១ ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតនៅចំណុចរោងមួយកន្លែង ក្នុងភូមិបល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ស្រីម្នាក់។

ដកហូតបានម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ចំនួន ០១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១ គ្រឿង។

ជនសង្ស័យទី១.ឈ្មោះ អុក ភត្រា ភេទ ប្រុស អាយុ ២៥ ឆ្នាំមុខរបរ ជាងផ្សាដែក និងទី២.ឈ្មោះ គង់ មិនា ភេទ ស្រី អាយុ ១៨ ឆ្នាំ មិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅនៅភូមិ ក្ដី សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានបន្តឲ្យដឹងថា ករណីខាងនេះ សមត្ថភាពជំនាញ បានកសាងនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕

មតិយោបល់