ក្រចេះ: ជនសង្ស័យឈ្មោះ អម អៀម អាយុ៥៤ឆ្នាំ មានទីលំនៅភូមិបាត់ហើយ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុចំនួន៣នាក់ ក្នុងនោះមាន២នាក់ជាបងប្អូនបង្កើត ហើយថែមទាំងប្រើទូរស័ព្ទថតប្រដាប់ភេទពួកនាងៗទៀតនោះ ត្រូវបានតុលាការខេត្តក្រចេះសម្រេចធ្វើការឃុំខ្លួននៅពន្ឋនាគារ ក្រោយពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនបានឃាត់ខ្លួននិងកសាងសំណុំរឿងរយៈពេល៣ថ្ងៃរួចមក ។
លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងទទួលបន្ទុកកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនបានថ្លែងឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះមានអាយុ១១ឆ្នាំម្នាក់ នៅពេលនាងបានសម្រេចយករឿងនេះប្រាប់មកឪពុកម្តាយរបស់នាងកាលពីថ្ងៃទី៥ ខែមិថុនា បើទោះបីជានាងបានរងការគំរាមសម្លាប់ពីជនសង្ស័យយ៉ាងណាក៏ដោយ។
ក្មេងស្រីរងគ្រោះមានចំនួន៣នាក់ មានអាយុចាប់ពី១០ឆ្នាំដល់១២ឆ្នាំ ។ ជនសង្ស័យតែងតែយកទូរស័ព្ទរបស់គេទៅល្បួងឲ្យពួកនាងមើល រួចធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្នាក់ៗ ជាច្រើនលើក នៅពេលដែល ឪពុកម្តាយរបស់ពួកគេមិននៅផ្ទះ ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីផ្លូវច្បាប់ ៕



មតិយោបល់