ព័ត៌មានជាតិ

ចាប់ជនជាតិវៀតណាមម្នាក់ ដើរលក់ឆ្នោត ផ្អើលក្រុងស្វាយរៀង

ស្វាយរៀងៈ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រុងស្វាយរៀង បានជិះម៉ូតូដេញចាប់អ្នកលក់ឆ្នោតជនជាតិវៀតណាមម្នាក់ផ្អើលពេញក្រុងស្វាយរៀងកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។

ប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មានប៉ូលិសក្រុងម្នាក់ ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងតាមពីក្រោយអ្នកលក់ឆ្នោតវៀតណាម បន្តិចក្រោយមកបានតាមទាន់ចាប់ក្របួចកអាវ អ្នកលក់ឆ្នោតប្រតាយប្រតប់គ្នាផ្អើលពលរដ្ឋនៅក្បែរនោះ ពេលនោះមានប៉ូលិសម្នាក់ទៀត ក៏ជួយអន្តរាគមន៍យកម៉ូតូ និងអ្នកលក់ឆ្នោតទៅអធិការក្រុងធ្វើសាកសួរ។

ប្រភពអ្នកឆ្នោតបានឲ្យដឹងថា ពួកគេធ្លាប់ ត្រូវនគរបាលក្រុងចាប់ជាច្រើនដងមកហើយ ចាប់ទុកពីព្រឹករហូតដល់ល្ងាច ទើបព្រលែងទៅវិញ ធ្វើឲ្យសល់ឆ្នោតគ្មានអ្នកណាទិញនោះទេ ហើយអ្នកដែលប៉ូលិសចាប់នេះឈ្មោះ ដែង អាយុ១៥ឆ្នាំ រស់នៅស្រុកប៊ិនទឺ ខេត្តឡុងអាន ប្រទេសវៀតណាម។

ពលរដ្ឋនៅក្រុងស្វាយរៀងបានលើកឡើងថា បញ្ហាឆ្នោតយួនមកលក់ម៉ាសេរីនៅខេត្តស្វាយរៀង គួរតែសមត្ថកិច្ចព្រំដែនធ្វើការទប់ស្កាត់កុំឲ្យចូល ទើបយើងអាចទប់ស្កាត់បាន តែបើសមត្ថកិច្ចព្រំដែនពិសេសច្រករបៀងនៅតែបណ្តោយ និងទទួលលាភសក្ការៈពីអ្នកលក់ឆ្នោត ហើយបិតភ្នែកនោះ ច្បាស់ជាជនជាតិវៀតណាមទាំងនោះនៅតែមានបន្តចូលមកលក់ និងធ្វើសកម្មភាពផ្សេងៗដដែល។

ពលរដ្ឋបានបន្តទៀតថា សកម្មភាពនគរបាលក្រុងស្វាយរៀងចាប់អ្នកលក់ឆ្នោតនេះ ប្រៀបបានវ៉ៃស្មៅបង្អើលពស់តែប៉ុណ្ណោះ បើចាប់ហើយប្រលែងមកវិញដដែលនោះ។

លោក ប្រាក់ ជុត អធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងតាមទូរសព្ទ័នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី៥ សីហានេះថា នៅព្រឹកនេះកម្លាំងនគរបាលក្រុងស្វាយរៀងបានចុះចាប់អ្នកលក់ឆ្នោតវៀតណាមបានម្នាក់ ដើម្បីធ្វើការអប់រំ ហើយនិងដោះលែងទៅស្រុកកំណើតវិញ។ លោកបានបន្តទៀតថា ដោយបានទទួលបទបញ្ជាពីថ្នាក់លើកម្លាំងរបស់យើង និងចុះចាប់ជាប្រចាំទាល់តែអ្នកលក់ឆ្នោតទាំងនោះបញ្ឈប់សកម្មភាពដើរលក់ឆ្នោតទាំងនេះនៅក្នុងក្រុងស្វាយរៀងតទៅទៀត៕

photo_2016-08-05_12-11-25photo_2016-08-05_12-11-27photo_2016-08-05_12-11-30

មតិយោបល់