ព័ត៌មានជាតិ

គួរឲ្យអាសូរ! យុវជនម្នាក់ ធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យរថយន្តកិនបែកក្បាល ស្លាប់មួយរំពេច

កោះកុង: ករណីដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានករណីយុវជនម្នាក់ធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តកិនបែកក្បាលស្លាប់មួយរំពេច នៅកន្លែងកើតហេតុ ត្រង់ចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក DreamC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1A5977 បើកបរដោយ ឈ្មោះ ចាន់ លីហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានអ្នករួមដំណើរជាមួយម្នាក់ បើកបរមកដល់ចំណុចកើតហេតុ បានចុះចំណោទធ្លាក់ចិញ្ចើមផ្លូវ ក៏បើកឡើងមកវិញ ស្រាប់តែអ្នករួមដំណើរជាមួយ ឈ្មោះ កៀន ភារុន ភេទប្រុស អាយុ១៦ឆ្នាំ បានធ្លាក់ពីលើម៉ូតូ ពេលនោះក៏មានរថយន្ត១គ្រឿងម៉ាក Hyundai ពាក់ផ្លាកលេខព្រះសីហនុ 3A-6163 បើកបរដោយឈ្មោះ សៀន ស្រ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិសូទៃ ឃុំរួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យកិនជនរងគ្រោះ បែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យសាកសពជនរងគ្រោះ រួចបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបររថយន្តនិងម៉ូតូបានសួរនាំ នៅអធិការដ្ឋាននគរបាល ស្រុកមណ្ឌលសីមា ធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់