ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះចុះឆែកឆេរ ទីតាំងសិប្បកម្មផលិតស្រាកែច្នៃមួយកន្លែង ដែលពុលមនុស្សស្លាប់ និងរងគ្រោះជាច្រើននាក់

ភ្នំពេញៈ សមត្ថកិច្ចអគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិង បង្ក្រាបការ ក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មសហការជាមួយនឹងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះកាត់សោទ្វារទីតាំងសិប្បកម្មផលិតស្រាកែច្នៃ យីហោ (តាំង គួយ ) មួយកន្លែង ដែលជំនាញស្រាវជ្រាវឃើញថា បណ្តាលឲ្យប្រជាពលរដ្ឋផឹកពុលស្លាប់និងរងគ្រោះជាច្រើននាក់ នៅខេត្តបន្ទាយមានជ័យ នៅពេលថ្មីៗនេះ តែមិនមានម្ចាស់ទីតាំងចូលរួមទេ ព្រោះបានដាក់មេប្រូចបាត់ស្រមោល ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំផ្ទះគ្មានលេខ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ខ្ចៅ សុវណ្ណ អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ ងន ចាគារ អាយុ៦០ឆ្នាំ រស់នៅក្នុងទីតាំងខាងលើ ។

សមត្ថកិច្ចចម្រុះបានរកឃើញវត្ថតាង សម្រាប់ផលិតស្រាកែច្នៃ តាំង គួយ មួយចំនួនទៀត ដែលសល់ពីម្ចាស់យកទៅបោះចោលបំបាត់ភស្តុតាង មានដូចជាក្តារពុម្ពសម្រាប់អូសស្លាកយីហោ តាំង គួយ ធុងទឹក ឆ្នាំង សម្រាប់រំងាស់ថ្នាំ ពីដុង៣០លីត្រ និងសម្ភារៈសម្រាប់ផលិតស្រាមួយចំនួនទៀត ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចចុះម្តងរួចហើយ សមត្ថកិច្ចបានរកឃើញសំបកដបជ័រនិងកូនពីដុង ដែលគេច្រកស្រាថ្នាំកែច្នៃសម្រួលសរសៃ តាំង គួយ ហើយត្រូវគេចាក់ស្រាចោលច្រកក្នុងបាវចំនួន៤បាវ និង៦ថង់ខ្មៅធំចំនួនជាង២ពាន់ដប និងធុងទឹកចំណុះ១៥០០លីត្រ សម្រាប់លាយស្រាចំនួន១ ត្រូវបានគេយកទៅបោះចោល ដើម្បីបំបាត់ភស្តុតាងនៅក្នុងដីឡូតិ៍មួយកន្លែង ក្បែរផ្លូវជាតិលេខ៦ ឆ្ងាយពីទីតាំងសង្ស័យប្រហែលជិត១០០ម៉ែត្រ ។

បើតាមអ្នកជិតខាងនិយាយថាការជញ្ជូនវត្ថុតាងយកទៅបោះចោល ដើម្បីបំបាត់ភស្តុតាង គឺនៅវេលាយប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ហើយម្ចាស់ផ្ទះក៏បានគេចខ្លួនបាត់នៅយប់នោះដែរ ហើយបិទទូរសព្ទ័រហូតមកដល់ពេលនេះ ពោលគឺបន្ទាប់ពីដឹងថា មានប្រជាពលរដ្ឋពុលស្រាកែច្នៃ តាំង គួយ របស់ខ្លួនស្លាប់និងរងគ្រោះជាច្រើននាក់ នៅខេត្តបន្ទាយមានជ័យ ក៏ដាក់មេប្រូចតែម្តង ។

ប្រតិបត្តិការថ្ងៃនោះមន្ត្រីជំនាញ មិនបានគាស់ទ្វារទីតាំងនោះទេ គ្រាន់តែប្រមូលវត្ថុតាង ដែលគេបោះចោលយកមករក្សាទុក រួចលើកពេលទៅថ្ងៃទី១៣ ខែមិថុនាវិញ ដោយសារមិនមានម្ចាស់ផ្ទះចូលរួម ហើយលោកព្រះរាជអាជ្ញាក៏ជាប់រវល់ តែរហូតដល់ថ្ងៃទី១៣ ខែមិថុនានេះទើបលោកព្រះរាជអាជ្ញារងសាយណូរ៉ា សម្រេចដឹកនាំមន្ត្រីចំរុះគាស់សោទ្វារទីតាំងចូលឆែកឆេរតែម្តង ។

តាមមន្ត្រីជំនាញ បានឲ្យដឹងថា ទាក់ទិនការពុលស្រាថ្នាំ បណ្តាលឱ្យមានអ្នកបាត់បង់ជីវិតនេះដែរ មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ នៃ ក្រសួងពាណិជ្ជកម្មបានចុះទៅតាមខេត្ត ដើម្បីយកស្រាថ្នាំមកធ្វើ ការពិសោធន៍ហើយ ។ ចំពោះការពុលស្រាថ្នាំ បណ្តាលឱ្យ មានអ្នកបាត់បង់ជីវិតនេះដែរ មន្ត្រីជំនាញ មានការសង្ស័យថា ម្ចាស់ ទីតាំងផលិត បានយកអាល់កុលក្លែងក្លាយ ដែលធ្វើពីមេតាណុលាយយកមកផលិតស្រា ជាហេតុធ្វើឱ្យអ្នកផឹកពុលស្លាប់និងរងគ្រោះ ។
តាមរយៈ ការស្រាវជ្រាវមុនដំបូងម្ចាស់បានទិញ អាកុល នៅក្រុមហ៊ុន SKD ដែលជាអាកុល មានស្តង់ដាដោយសារអាល់កុល ថ្លៃក៏ទៅទិញអាល់កុលកន្លែងផ្សេងចំអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុ លជាហេតុបណ្តាលឲ្យពុលតែម្តង ។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា មានករណីពុលស្រាថ្នាំយីហោ តាំង គួយ ស្លាប់និងរងគ្រោះជាច្រើននាក់ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវទៅឃើញថា ទីតាំងសិប្បកម្មផលិត នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា លោកព្រះរាជអាជ្ញា ក៏បានឲ្យលោកដឹកនាំកម្លាំងចំរុះ ចុះកាត់សោ ដើម្បីឆែកឆេរជាប្រយោជន៍រកឲ្យឃើញនូវវត្ថុតាង ពាក់ពន្ធ័ការផលិតស្រាថ្នាំ ដែលមានជាតិពុល បណ្តាលឲ្យមានមនុស្សស្លាប់ និងរងគ្រោះជាច្រើននាក់ នៅខេត្តបន្ទាយមានជ័យនោះ ។

លោកបន្តថា បន្ទាប់ពីឆែកឆេរ គឺបានរកឃើញវត្ថតាងនៅសេសសល់ មួយចំនួន ដែលម្ចាស់ប្រញាប់គេចខ្លួនកម្ទេចចោលបំបាត់ភស្តុតាងមិនទាន់អស់ ដូចជាក្តារពុម្ពពណ៌ក្រហមយីហោ តាំង គួយ មួយសន្លឹកនិងសម្ភារៈពាក់ពន្ធ័ឲ្យការផលិតមួយចំនួនទៀត ហើយក៏តាមស្វែងរកមើលទីតាំងផ្សេងទៀត ក្រែងមានស្រាប្រភេទនេះ ។ លោកបន្តទៀតថា ក្នុងនាមព្រះរាជអាជ្ញា បន្ទាប់ឮព័ត៌មាននេះ ក៏បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យ យកចិត្តទុកដាក់ក្នុងការបង្ក្រាប ឲ្យបានទាន់ពេលវេលា ដើម្បីសន្តិសុខសុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គម ។ លោកលើកឡើងទៀតថា ថ្ងៃនេះលោកបានសម្រេចចាប់យកវត្ថុតាង ដែលជនសង្ស័យបានបន្សល់ទុក យកទៅកសាងសំណុំរឿង ដើម្បីរង់ចាំឲ្យម្ចាស់ទីតាំងចូលខ្លួនមកដោះស្រាយ ៕

មតិយោបល់