ព័ត៌មានជាតិ

ជាងជួសជុលរថយន្ត ២នាក់ រងរបួសធ្ងន់ ខណៈកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ ត្រូវម៉ូតូប្រណាំងបុកពីក្រោយ

ភ្នំពេញៈ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមផ្លូវលំភូមិរំដួលខាងជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូក្រុមអ្នកប្រណាំងម៉ូតូធំ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ ឆន សំអ៊ឹង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងឃ្លាំងរថយន្ត ស្ថិតនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល ។ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ មុខរបរ និងស្នាក់នៅជាមួយគ្នា។
អ្នកបើកបរម៉ូតូធំ មិនស្គាល់ឈ្មោះ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញក្រុមជាងជួសជុលរថយន្ត បានជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1EF-8134 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឈប់និយាយទូរស័ព្ទនៅតាមផ្លូវ ពេលនោះមានម៉ូតូប្រណាំង ១ក្រុម បានបើកប្រដេញគ្នា តាមផ្លូវនោះក្នុងទិសដៅស្របគ្នាដែរ ហើយពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែវាក់អឺជាមួយរថយន្តមិនស្គាល់ម៉ាក ១គ្រឿង ដែលបើកបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យម៉ូតូប្រណាំងម៉ាក YAMAHA WR250CC ពណ៌ក្រហម ក៏ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីមសេ១២៥ពេញទំហឹង បណ្ដាលឲ្យដួលទាំងអស់គ្នារងរបួសធ្ងន់ និងស្រាលទាំងសងខាងតែម្ដង។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ស្នោរ ចុះដល់ទីតាំងខាងលើ ហៅរថយន្តពេទ្យដឹកអ្នករងគ្រោះទាំងនោះ ទៅសង្រ្គោះបន្ទាន់ រួចនាំយកម៉ូតូទាំង ២គ្រឿង មករក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយហើយម៉ូតូធំខូចខាតបែកធុងសាំង រីឯម៉ូតូហុងដាឌ្រីខូចខាតខ្ទេច១កណាត់ក្រោយផងដែរ៕

មតិយោបល់