ព័ត៌មានជាតិ

Update៖ ស្ត្រី ៣នាក់ បងប្អូនមានជំងឺប្រចាំកាយ ជិះម៉ូតូទៅបើកថ្នាំពេទ្យ ត្រូវរថយន្តបែនដឹកថ្មកៀរដួល និងកិនក្បាលធ្លាយខួរស្លាប់ម្នាក់ បន្សល់ទុក្ខកូនកំព្រា ៣នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកថ្ម កៀរម៉ូតូដួល និងកិនស្លាប់យ៉ាងរន្ធត់។

ជនរងគ្រោះឈ្មោះ នៅ ញ៉េន អាយុ ៥៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងប្អូនស្រី ២នាក់ទៀតបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HK-3468 ឌុបគ្នា ៣នាក់ ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវបេតុងវត្តពោធិ៍វ័ន បំណងទៅមន្ទីរពេទ្យព្យាបាលជំងឺគីសស្បូន។ លុះមកដល់មហាវិថីឈ្នះៗ ក៏បានឆ្លងផ្លូវបត់ឆ្វេងដៃ ឆ្ពោះទៅទិសខាងជើងវិញ ស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿង ពណ៌ត្រេអ៊ី បើកលឿនក្នុងទិសដៅពីត្បូងទៅជើង បានកៀរម៉ូតូពីក្រោយបណ្ដាលឲ្យដួល ខ្ទាតស្រ្តីរងគ្រោះចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរ ទាំងក្បាលពាក់មួកការពារសុវត្ថិភាព ហើយបើកគេចខ្លួនទៅបាត់ស្រមោល ។

សូមបញ្ជាក់៖ ជនរងគ្រោះមានជំងឺប្រចាំកាយ និងដល់ថ្ងៃណាត់ជួបគ្រូពេទ្យបើកថ្នាំ ឯមន្ទីរពេទ្យជប៉ុន ប៉ុន្តែជាអកុសល ខណៈធ្វើដំណើរតាមផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ បន្សល់ទុក្ខកូនកំព្រា ៣នាក់ ឲ្យរស់ខ្វះភាពកក់ក្ដៅ។ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធី រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់