តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក ខេត្តតាកែវ បានឲ្យដឹងថា ប្រធានសាខា ក.ប.ប (កាំកុងត្រូល) ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញបានចុះត្រួតពិនិត្យមុខទំនិញ ដែលកំពុងដាក់តាំងលក់ ជាពិសេសស្វែងរកស្រាថ្នាំចិនសែ តាំងគួយ និងបន្តផ្សព្វផ្សាយអំពីសុវត្ថិភាព ចំណីអាហារដល់អាជីវករ នៅផ្សារអង្គតាសោម និងបានដកហូតបានងៀតបបែលមានផ្ទុកសារធាតុ គីមី ប៉ូរ៉ាក់ជិត១០គីឡូក្រាម យកទៅដុតបំផ្លាញចោល ។
នៅព្រឹកថ្ងៃច័ន្ទ ១៥ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ក.ប.ប (កាំកុងត្រូល) ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយមន្រ្តី បានចុះ ត្រួតពិនិត្យមុខទំនិញមានគ្រឿងឧបភោគ បរិភោគ ដែលបានដាក់លក់នៅផ្សារអង្គតាសោម ដោយក្នុង នោះផងដែរ មន្រ្តីជំនាញក៏បានធ្វើតេស្ដបឋមលើបន្លែ ផ្លែឈើ បង្គា មឹក ប្រហុក និងបានរក ឃើញវត្តមាន សារធាតុគីមីប៉ូរ៉ាក់ នៅលើងៀតបបែលខ្លែង និងងៀតបបែលសាច់ ពីអាជីវករដែលបានដាក់ លក់ជិត១០គីឡូក្រាម និងបានធ្វើកំណត់ហេតុដកហូតយកមកដុតបំផ្លាញចោល ។
នៅព្រឹកថ្ងៃដដែលមន្រ្តីជំនាញ ក.ប.ប (កាំកុងត្រូល) សាខាខេត្តតាកែវ បានសហការជាមួយ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បាននាំយកមកនូវងៀតបបែល ទឹកក្រូច និងគ្រឿងកំប៉ុង មួយចំនួន ធំផ្សេងទៀត ដែលមន្រ្តីជំនាញបានដកហូតកន្លងមក យកទៅដុត និងបំផ្លាញចោលផងដែរ ដើម្បីជៀស វាងបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕
មតិយោបល់