ព័ត៌មានជាតិ

​បុរសវ័យចំណាស់ម្នាក់ស្តារពាង ដោយប្រើម៉ូទ័របូម ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ខណ:បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ជិន ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា ៖ តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធឈ្មោះ យូ សុភាព អាយុ៦០ឆ្នាំ បានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ ខណ:មេឃកំពុងធ្លាក់ភ្លៀង ប្តីរបស់គាត់បានទៅស្តារទឹកចាស់ក្នុងពាងនៅខាងក្រៅផ្ទះ ចំនួន០៥ពាង ដោយប្រើម៉ូទ័របូមទឹកពីក្នុងពាងចេញ ។ នៅពេលគាត់បានស្តារពាងទី០១អស់ ក៏បន្តទៅពាងទី០២ដោយដៃកាន់ទុយោបូម ក៏ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់តែម្តង ហើយគាត់ក៏បាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ តែជាអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់បន្ថែមថា ៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងជំនាញ ចុះទៅពិនិត្យ ឃើញមានស្លាកស្នាមខ្សែភ្លើងឆក់ចំនួន០២កន្លែង មួយកន្លែងរបកស្បែកនៅលើដើមទ្រូង និងមួយកន្លែងទៀតនៅលើប្រអប់ដៃខាងឆ្វេង ដូច្នេះជំនាញសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន ។ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់