ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន១១នាក់

បន្ទាយមានជ័យៈ ជនសង្ស័យប្រុស-ស្រីជួញដូរ៤នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីសំណាកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ចំណុចសាលារៀនចិន ផៃ ឆឹង ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយមានការបញ្ជា និងដឹកនាំផ្ទាល់ពីសំណាកលោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការឃាត់ជាបន្តបន្ទាប់នូវជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៤នាក់ រួមមាន៖ ទី១.ឈ្មោះ សំណាង លីលី ភេទស្រីអាយុ១៥ឆ្នាំ ទី២.ឈ្មោះ អៀង រក្សា ហៅសា ភេទប្រុស អាយុ២២ឆ្នាំ ទី៣.ឈ្មោះ ហ៊ូ ដូល្លា ភេទប្រុសអាយុ២៥ឆ្នាំ ទី៤.ឈ្មោះ ហេង សុមេធា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង៤ រស់នៅក្នុងក្រុងសិរីសោភ័ណ រួមនិងអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៧នាក់ ផ្សេងទៀត ។

ជាមួយគ្នានេះសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៥កូនថង់តូច ស្មើនឹង ២,៩៨ក្រាម, កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២, ដបកែច្នៃចំនួន៣ ដាវចុងស្រួច២ដើម ទូរស័ព្ទដៃចំនួន៨គ្រឿង និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោក ង៉េង សុជា បន្តថា ជនសង្ស័យជួញដូរគ្រឿងញៀន និងប្រើប្រាស់ទាំង១១នាក់ រួមទាំងវត្ថុតាងកំពុងត្រូវបានកំលាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦នេះ ៕

IMG_4689IMG_4691

មតិយោបល់