ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចតាមបណ្តោយផ្លូវរថភ្លើងម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យដែលកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន១៥៦កញ្ចប់តូច រួមទាំងម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខកណ្តាល1P-2243។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១ឈ្មោះ នួន សម្ភស្ស ភេទស្រី អាយ៥២ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ។ ទី២ឈ្មោះ ម៉ាប់ ឃុយ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៣ឈ្មោះ ខុម ដេត ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិលេខ៣ ស្រុកស្វាយរលំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ខណៈកម្លាំងសមត្ថកិច្ចបឹងកក់២ កំពុងល្បាតក្នុងមូលដ្ឋានមកដល់ចំនុចម្តុំរោងចក្រឆ្នាំងតាមបណ្តោយផ្លូវរថភ្លើងក៏ប្រទះឃើញស្ត្រីសង្ស័យឈ្មោះ នួន សម្ភស្ស កំពុងឈរលក់ថ្នាំញៀន ឲ្យជនសង្ស័យឈ្មោះ ដេត និងឈ្មោះ ឃុយ ទើបសមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់តែម្តង រួចធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១៥៦កញ្ចប់តូច ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់