ព័ត៌មានជាតិ

ជាងទឹកភ្លើង២នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីគប់កញ្ចក់រថយន្ត

ត្បូងឃ្មុំ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ ចុះទៅស្រាវជ្រាវបង្ក្រាប ក្មេងទំនើងគប់កញ្ចក់រថយន្ត នៅចំណុចតាមផ្លូវភ្លោះ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ កាលពីវេលាម៉ោងប្រមាណ១៩និង ៣០នាទី ឃាត់ខ្លួនក្មេងទំនើង២នាក់ ។

ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ តាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ចុះទៅស្រាវជ្រាវបង្ក្រាប ក្មេងទំនើងគប់កញ្ចក់រថយន្ត ភ្លាមៗនោះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ក៏បានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងល្បាតតាមរកមុខសញ្ញាល្មើស លុះមកដល់ចំណុចតាមផ្លូវខាងលិចរង្វង់មូលស្រឡប់ ស្ថិតនៅភូមិ ស្រឡប់ ឃុំស្រឡប់ នៅវេលាម៉ោង២១និង០០នាទី ស្រាប់តែជួបនឹងក្មេងទំនើងចំនួន២នាក់ កំពុងឈរកាន់ខ្សែក្រវ៉ាត់ឈរស្ទាក់ផ្លូវប៉ុនប៉ងវាយលើសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនក្មេង ទំនើងទាំងនោះភ្លាមៗ ។

ក្មេងទំនើងទាំង២នាក់រួមមាន៖ ១.ឈ្មោះ ណាន និត ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែររស់នៅភូមិល្ងើន ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ ២.ឈ្មោះ បូ ចាន់តូ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែររស់នៅភូមិព្នៅក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំងពីរនាក់ ស្នាក់នៅធ្វើការជាជាងទឹកភ្លើងនៅផ្ទះល្វែងក្បែរទីកន្លែងកើតហេតុនោះ ។ ដកហូតបានខ្សែក្រវាត់ចំនួន០២ និងម៉ូតូ ០១គ្រឿងម៉ាក ZOOMER-X ។
ជនសង្ស័យទាំងពីរនាក់ខាងលើ បញ្ជូនទៅអធិការរដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់