ព័ត៌មានជាតិ

Update៖ ជួយស៊ែរផងបងប្អូន មានអ្នកបាត់សាច់ញាតិទេ? យុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ មិនទាន់ស្គាលអត្តសញ្ញាណទេ

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែត្រូវរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យខ្ទាតប្រហែលជាង១០ម៉ែត្រ បោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗតែម្ដង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៤០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបផ្លូវនរោត្តម កែងនិងផ្លូវ២៤០ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ស្លៀកពាក់អាវយឺត ពណ៌ខ្មៅដៃខ្លី ស្លៀកខោ ពណ៌ខ្មៅ រាងស្គម សក់ក្រហម កម្ពស់ប្រហែលមួយម៉ែត្រ ៦០ សម្បុលខ្មៅស្រអែម។

ដំណើររឿង៖ ដំបូងឡើយគេឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1X-8816 ធ្វើដំណើរពីជើងមកត្បូង តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកហាំមើ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2L-8839 ធ្វើដំណើរពីកើតមកលិច តាមបណ្ដោយផ្លូវ២៤០ ជាមួយល្បឿនលឿនដូចគ្នា បានបុកម៉ូតូខាងលើពេញទំហឹង បណ្តាលឲ្យដួលខ្ទាតមនុស្សប្រហែលជាង១០ម៉ែត្រ ទៅបោកក្បាលនឹងថ្មស្លាប់ភ្លាមៗតែម្ដង។

ភ្លាមៗនោះ រថយន្តបង្ក មិនឈប់ទទួលខុសត្រូវនោះទេ បានបើករត់បាត់ បន្សល់ទុកកាង និងផ្លាកលេខ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើការវាស់វែង និងយកម៉ូតូ និងផ្លាកលេខរថយន្ត ទៅរក្សាទុក រង់ចាំការស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់។ ដោយទ្បែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់