ភ្នំពេញៈ ជនជាតិចិនបើករថយន្តបោះពួយយ៉ាងលឿន បានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលប្រេះមួយកង់ ចំណែករថយន្តរងការខូចយ៉ាងដំណំ។
ហេតុការណ៌នេះ កើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីហនុ ត្រង់ចំណុចរង្វង់មូលអាងទឹកអូឡាំពិច ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិម្នាក់ បើករថយន្តម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-4525 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវប្រេះមួយកង់ ចំណែករថយន្តដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេង ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករបួសទេ។
ភ្លាមៗនោះផងដែរ អ្នកបើកបររថយន្ត បានគេចខ្លួនចេញពីកន្លែងកើតហេតុ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងហៅអាណន់មកស្ទូចរថយន្តបង្ក យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់