ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន បានចូលបំភ្លឺ តាមការកោះហៅរបស់តំណាង អយ្យការ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តឹងលោកសម រង្ស៊ី និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ ជុំវិញការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ជាអ្នករៀបចំគម្រោងបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការចូលមកបំភ្លឺ បន្ថែមនេះ បានធ្វើឡើងបន្ទាប់ពី លោកមេធាវីគី តិច បានដាក់ពាក្យប្តឹង លោកសម រង្ស៊ី និង លោកស្រីថាក់ ឡានី ជាសមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០១ សីហា ឆ្នាំ២០១៦ កន្លងទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាង អយ្យកាន់សំណុំរឿង បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា”ក្រោយពីបានស្តាប់ចម្លើយ លោកមេធាវី គី តិច ជាដើមបណ្តឹង ការពិនិត្យបណ្តឹង និងភស្តុតាងបានផ្តល់ប្រយោជន៍ សម្រាប់ឲ្យតំណាង អយ្យការនឹងបន្តចំណាត់ការ សើបអង្កេត នៅក្នុងរឿងក្តីនេះ”។
ក្រោយពីបានផ្តល់ចម្លើយ ជូនតំណាងអយ្យការ លោកមេធាវី គី តិច បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ដូច្នេះថា ការចូលខ្លួនមកបំភ្លឺនេះ គឺជាការគោរពនូវនីតិវិធីកោះ អញ្ជើញរបស់តំណាង អយ្យការ ដើម្បីចូលបំភ្លឺការពារ ពាក្យបណ្ដឹងរបស់សម្តេចតេជោហ៊ុន សែន ហើយលោកមេធាវី ក៏បានដាក់បន្ថែមនូវចំណុចមួយ ចំនួនជូនតំណាងអយ្យការ ពាក់ព័ន្ធនឹងពាក្យ បណ្ដឹងរបស់សម្ដេច។
លោកមេធាវីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ក្រោយពីមានករណី បាញ់សម្លាប់លោកបណ្ឌិតកែម ឡី គឺមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ មហាជនដូច្នេះហើយឆ្លៀតឱកាសនេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរជាសំនេរ ហើយបានបង្ហោះលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកជាសាធារណៈ វាយប្រហារទៅលើ សម្តេចតេជោ ហ៊ុន សែន ដោយប្រើសំនេរថា ករណីបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី គឺជាការរៀបចំដោយរដ្ឋអំណាច ក៏ប៉ុន្ដែការប្រើប្រាស់ ពាក្យថារដ្ឋអំណាចនេះ លោកមេធាវីគី តិច បានចាត់ទុកថា លោកសម រង្ស៊ី បានសរសេរក្នុងគោលបំណងសំដៅលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីកេងចំណេញខាងផ្នែកនយោបាយ។ រីឯករណីលោកស្រីថាក់ ឡានី លោកគី តិច ក៏បានដាក់បន្ថែម នូវចំណុចមួយចំនួនដាក់ជូន តំណាងអយ្យការផងដែរ ក្នុងនោះលោកមេធាវី បានថ្លែងថា ការធ្វើវេទិកា សាធារណៈរបស់លោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ ជាចេតនាចង់ឆ្លៀតឱកាស ដើម្បី វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដូចគ្នាទៅនិងលោកសម រង្ស៊ី ដែលអំពើរបស់អ្នកទាំងពីរនេះ គឺជាការរំលោភបំពាននូវក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបទៅនឹងការទាមទារសំណង ជម្ងឺចិត្តត្រឹមតែ១០០រៀល របស់សម្តេចតេជោ ហ៊ុន សែន គឺលោកមេធាវី គី តិច បានថ្លែងបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោកសមរង្ស៊ី និង លោកស្រីថាក់ ឡានី នេះ គឺសម្តេចតេជោ ហ៊ុន សែន ចង់ឲ្យ តុលាការជួយ រកយុត្តិធម៌ និង ភាពត្រឹមត្រូវជូនសម្ដេច រីឯការទាមទារសំណងជម្ងឺចិត្ត ចំនួន១០០រៀលវិញ គឺគ្រាន់តែជាការទាមទារ ដែលមានក្នុងច្បាប់តែប៉ុណ្ណោះ។
សូមជម្រាបថា មូលហេតុនៃការប្តឹង លោកសមរង្ស៊ីគឺកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ឈ្មោះសម រង្ស៊ី បានសរសេរលើទំព័របណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួន (Sam Rainsy) “ការបាញ់សម្លាប់លោកកែម ឡី ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច និងបានធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុ អាស៊ីសេរី កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦ បញ្ជាក់ ចោទប្រកាន់ដដែលៗ នាំឲ្យមហាជន ដែលនិយម ប្រើបណ្ដាញផ្សព្វផ្សាយ សង្គមហ្វេសប៊ុក បានធ្វើការចែករំលែកនិង បញ្ចេញមតិ ថ្កោលទោស លើរាជរដ្ឋាភិបាលកម្ពុជា”។
ដោយឡែកចំពោះ លោកស្រី ថាក់ ឡានី វិញកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦ ត្រូវបានគេបង្ហោះវិដេអូខ្លីប នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលលោកស្រី បានថ្លែងទៅកាន់ ប្រជាពលរដ្ឋនៅឯខេត្តរតនគិរី ដោយមានខ្លឹមសារថា “ហើយឥឡូវនិង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើង ចុះឡើង ទៅបាញ់លោក កែម ឡី អ្នក វិភាគនយោបាយ ឃើញទៅ”៕
មតិយោបល់