កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលច្រេសចុះឃាត់ខ្លួនយកមកធ្វើសាកសួរ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាក្នុងគ្រួសារ ប្រព្រឹត្តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១និង៣៥នាទី នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ។
ជនរងគ្រោះឈ្មោះ ហង់ ទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ (ត្រូវជាឪពុក) រងរបួសបាក់ដៃខាងស្តាំ និងម្នាក់ទៀតឈ្មោះ ត្រេស តួយ ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាប្អូន) រងរបួសបែកក្បាល អ្នកទាំងពីរនៅភូមិ -ឃុំកើតហេតុ ។ជនសង្ស័យឈ្មោះ ត្រេស រ៉ៃ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ បន្ទាប់ពីផឹកស្រាស្រវឹងបានជេរប្រមាថ និងដាល់ឪពុក រួចហើយទៅយកដែកថ្នាំងអំពៅ ប្រវែង០៨តឹក វាយទៅលើជនរងគ្រោះទាំងពីរ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលច្រេស បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ជនសង្ស័យនាំមកធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

មតិយោបល់