ព័ត៌មានជាតិ

អំពើហិង្សាក្នុងគ្រួសារ!ប្តីយកកាំបិតចាក់បំពង់កប្រពន្ធបណ្តាលឲ្យមុតហូរឈាមរត់ទៅប្តឹងសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីម្នាក់ក្នុងស្ថានភាពរបួសមុតបំពង់ក បន្ទាប់ពីប្តីផឹកស្រាស្រវឹង ប្រដាប់ដោយកាំបិតប្រើហិង្សាចាក់ឲ្យរបួស រហូតដល់ប្រពន្ធទ្រាំលែងបាន ច្រើនដងពេក ប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅក្រុម៧ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្តីដៃដល់មានឈ្មោះកង អ៊ុយ អាយុ៣៤ឆ្នាំ មុខរបរគ្មានទេ រាល់ថ្ងៃប្រើប្រាស់សារធាតុញៀនផឹកស្រា មានទីលំនៅ ផ្ទះកើតហេតុខាងលើ ។ ចំណែកប្រពន្ធមានឈ្មោះ ម៉ឺន ភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរ ដើររើសអេតចាយ និងដើរបេះបន្លែលក់ ដើម្បីចញ្ចឹមជីវិត រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ រស់នៅផ្ទះខាងឪពុកម្តាយក្មេក ត្រង់ចំណុចខាងលើ តែប្តីមួយថ្ងៃគិតតែពីដើរផឹកស៊ី ជក់គ្រឿងញៀន ហើយច្រើនលើកច្រើនសាររាប់លែងអស់ទៅហើយ ដែលប្តីផឹកស្រវឹង ប្រើប្រាស់អំពើហិង្សាមកលើខ្លួន ឈ្លោះត្រូវ ត្រូវឈ្លោះ លួងលោមនិយាយត្រូវ ចិត្តសន្តោសក៏មិនប្តឹង តែទង្វើ សកម្មភាពដដែលៗ របស់ប្តី មិនរាងចាល គ្មានក្តីមេត្តា មកដល់រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយពីផឹកស្រាថ្នាំអស់កន្លះលីត្រ មកឈ្លោះប្រពន្ធខណៈដែលកំពុងអង្គុយចងបន្លែ ផ្ទុះកំហឹងយកលេសចោទថាមានសាហាយ វាយប្រតាយប្រតប់ យកកាំបិតចាក់ចំកប្រពន្ធ ហូរឈាមកក្លាក់ បង្កឲ្យឆោឡោ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

តាមសម្តីបុរសជាប្តីក្នុងសភាពស្រវឹងថាខ្លួនគេធ្វើលេងទេ លើកមុនៗអង្វរសុំទោសបាន លើកនេះសុំថើបលួងចិត្តដែរតែប្រពន្ធមិនព្រម ។

ករណីបង្កហិង្សាមិនរាងចាល និងឲ្យមានរបួសស្នាម យោងតាមបណ្តឹងភាគីខាងប្រពន្ធ សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ រីឯភាគីខាងប្រពន្ធត្រូវបាននគរបាលប៉ុស្តិ៍ឲ្យទៅពេទ្យព្យាបាលសិន ដោយសារឈាមហូរ ៕

មតិយោបល់